ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាល KH GROUP បានប្រកាសផ្តល់ការលើកទឹកចិត្តជាពិសេស ដោយចំណាយជិតដល់ ១០ម៉ឺនដុល្លារអាមេរិក សម្រាប់ភ្នាក់ងារលក់ និងបុគ្គលិកពេញម៉ោងទាំងអស់នៅក្នុង KH GROUP រួមមាន Borey Vimean Samnang, Borey KS Residence, Samnang Land, Khmer Real Estate Co., Ltd និង KW Cambodia ព្រមទាំង KW Cambodia Agent ដែលមានឈ្មោះក្នុង KW System។
ការលើកទឹកចិត្តពិសេសៗ ដែលលោកឧកញ៉ាស្ថាបនិក KH GROUP នឹងផ្តល់ជូនមានដូចខាងក្រោមនេះ ៖
១. រង្វាន់សម្រាប់ភ្នាក់ងារលក់បុរី វិមានសំណាង, បុរី ខេអេស រ៉េស៊ីដេន និងសំណាងលេន
ភ្នាក់ងារលក់បានចាប់ពី 3-5Units នៅ បុរី វិមានសំណាង ឬចាប់ពី 12-20Units នៅ បុរី ខេអេស រ៉េស៊ីដេន និង សំណាងលេន ចូលគ្នាចាប់ពីថ្ងៃទី ០១ មិថុនា ២០២៣ ដល់ថ្ងៃទី ៣១ ឧសភា ២០២៤ នឹងត្រូវបានអញ្ជើញ ធានា និងចេញថ្លៃចំណាយអោយទៅចូលរួមកម្មវិធី KW Family Reunion 2024 នៅសហរដ្ឋអាមេរិក ឬទៅមើលបាល់ទាត់អង់គ្លេស នៅកីឡដ្ឋាន OLD TRAFFORD (Manchester United FC) ជាមួយឧកញ៉ាបណ្ឌិត គីម ហ៊ាង នៅក្នុងឆ្នាំ ២០២៤ តែត្រូវមានលក្ខខណ្ឌផ្ទាល់ខ្លួន។
២. ឆ្នោតផ្សងសំណាងសម្រាប់បុគ្គលិកពេញម៉ោងនៅ KH GROUP និងភ្នាក់ងារលក់ទាំងអស់
បុគ្គលិកពេញម៉ោងទាំងអស់នៅ KH GROUP និង KW Cambodia Agent ដែលមានឈ្មោះក្នុង KW System (១ឆ្នាំបាន១សន្លឹក ច្រើនឆ្នាំបានច្រើនសន្លឹកដោយស្វ័យប្រវត្តិ) បុគ្គលិកប្រចាំការលក់ និងភ្នាក់ងារលក់មកពីខាងក្រៅ ដែលជួយលក់ បុរី វិមានសំណាង (1Unit = ៣សន្លឹក) បុរី ខេអេស រ៉េស៊ីដេន និង សំណាងលេន (1Unit = ១សន្លឹក) ចាប់ពីពេលចាប់ផ្តើម ហើយនៅបន្តដល់ថ្ងៃទី ៣១ ឧសភា ២០២៤ ដើម្បីចាប់យករង្វាន់នៅថ្ងៃទី ០១ មិថុនា ២០២៤៖
-រង្វាន់ធំទីមួយ៖ ផ្ទះនៅ បុរី KS Residence (Block D = $46,500-$48,500) ចំនួន១
-រង្វាន់ធំទីពីរ៖ ដីនៅ Samnang Land (5m x 15m = $16,500-$18,000) ចំនួន១
-រង្វាន់ធំទីបី៖ ចូលរួម KW Family Reunion 2024 នៅអាមេរិកចំនួនពីរនាក់
-រង្វាន់ធំទីបួន៖ មើលបាល់ទាត់អង់គ្លេស (Manchester United FC) ចំនួនពីរនាក់
សូមបញ្ជាក់ផងដែរថា មនុស្សម្នាក់មានសិទ្ធិទទួលរង្វាន់ធំតែមួយ ក្នុងចំណោះរង្វាន់ធំទាំង៤ខាងលើនេះ។ រីឯរង្វាន់ផ្សេងៗមានដូចជា៖ IPhone 14 កង់កីឡា ទូរទស្សន៌ ទូរទឹកកក កង្ហា និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត នៅក្នុងកម្មវិធីជប់លៀងពាក់កណ្តាលឆ្នាំរបស់ KH Group នៅថ្ងៃទី ០១ មិថុនា ២០២៤។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់បន្ថែមប្រាប់ដល់ ឧកញ៉ា ញូស៍ យ៉ាងដូច្នេះថា៖ “យើង Promotion សម្រាប់ Agent របស់យើង និងបុគ្គលិករបស់យើងគឺ ទី១ យើងឱ្យផ្ទះមួយនៅបុរី ខេអេស រ៉េស៊ីដេន តាមរយៈការចាប់ឆ្នោត, ទី២ គឺយើងឱ្យដីឡូត៍ ១ឡូត៍ នៅ Samnang Land តាមរយៈការចាប់ឆ្នោតយកតែម្តងដូចគ្នា, ទី៣ យើងឱ្យទៅអាមេរិក ២នាក់, ទី៤ ឱ្យទៅអង់គ្លេស ២នាក់ និងរង្វាន់ផ្សេងៗទៀត។ រង្វាន់ដែលចាប់ឆ្នោតយើងឱ្យមួយលើកនេះ ប្រហែលចូលជិត ១០ម៉ឺនដុល្លារ ដែលនេះជាការលើកទឹកចិត្តដ៏ខ្លាំងមួយ”៕