ឧកញ៉ាមួយរូប ទទួលបានសិទ្ធិវិនិយោគចំណតរថយន្ត ក្រុងបាវិត រយៈពេល ៣០ឆ្នាំ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា លី ប៉ោយូ អ្នកជំនួញ​​ចាស់​វស្សា​មួយ​រូប​​នៅ​ខេត្ត​ស្វាយរៀង ​​បាន​ទទួល​​សិទ្ធិ​វិនិយោគ​ចំណត​រថយន្ត​ ក្រុង​បាវិត ​​រយៈពេល ៣០​ឆ្នាំ ​​​តាំងពី​ឆ្នាំ​២០០៧ រហូត​ដល់​ឆ្នាំ២០៣៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​លិខិត​បំភ្លឺ​មួយ​របស់​លោក ជៀង អំ អតីត​អភិបាល​នៃ​គណៈអភិបាលខេត្ត​ស្វាយរៀង បាន​ឱ្យ​ដឹង​ថា ដី​ចំណត​រថយន្តក្រុង​បាវិត ដើម​ឡើយ​ជា​ដី​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​សុខាភិបាល។ នៅ​អំឡុង​ឆ្នាំ​២០០៧ អភិបាលខេត្ត​បាន​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សាងសង់​ចំណត​រថយន្ត ដោយ​រៀបចំ​ឱ្យ​មាន​កន្លែង​ភោជនីយដ្ឋាន កន្លែង​ភ្ញៀវរង់ចាំ និង​បន្ទប់​អនាម័យ។

លិខិត​ដដែល បាន​បញ្ជាក់​ថា ដោយសារ​តែ​ស្ថានភាព​ដី​ពេល​នោះ មាន​សភាព​ជ្រៅ សាលាខេត្ត​គ្មាន​លទ្ធភាព​ចាក់​ដី​បំពេញ ក៏បាន​ស្វែង​រក​អ្នក​វិនិយោគ ហើយ​អាជ្ញាធរខេត្ត​បាន​យល់​ព្រម​ឱ្យ​លោក​ឧកញ៉ា លី ប៉ោយូ ធ្វើ​ការ​វិនិយោគ​រយៈពេល​ ៣០​ឆ្នាំ (២០០៧ ដល់ ២០៣៧) ដោយ​ចំណាយ​ទុន​សរុប​ចំនួន ១,៨៣១,៣២៥,៦០០ រៀល ដោយ​មាន​ការ​ឯកភាព​ជា​គោលការណ៍​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ការ​វិនិយោគ​នេះ​ លោក​ឧកញ៉ា លី ប៉ោយូ មាន​កាតព្វកិច្ច​​បង់​ថវិកា​ជូន​ខេត្ត​ចំនួន ៦០​លាន​រៀល​ក្នុង​១​ឆ្នាំ ហើយ​៥​ឆ្នាំ ដំឡើង ១០% និង​ត្រូវ​អនុវត្ត​តាម​កិច្ចសន្យា​ជាមួយ​សាលាខេត្ត​ចំនួន ១១​ចំណុច​ផ្សេង​ទៀត​ផង​ដែរ។

សូមជម្រាបថា ឧកញ៉ា លី ប៉ោយូ គឺជា​អគ្គនាយកកាស៊ីណូ ពិភពថ្មី នៅ​ក្រុងបាវិត និង​ជា​សមាជិកសមាគមឧកញ៉ាកម្ពុជា។ ជានិច្ចកាល លោក​ឧកញ៉ា​ តែងតែ​ចូល​រួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន ជួយ​ដល់​សង្គម​ជាតិ ដូចជា​លោក​បាន​ឧបត្ថម្ភ​ថវិកាចំនួន ៥ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣ ខណៈ​ដែល​​កាល​ឆ្នាំ​២០២២ លោក​ឧកញ៉ា ក៏​បាន​​បរិច្ចាគថវិកាចំនួន២០,០០០ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ព្រម​ទាំង​ការ​បរិច្ចាគ​ថវិកា​ជួយ​កិច្ចការ​សប្បុរសធម៌​​ជា​ច្រើន​ទៀត៕