បន្ទាប់ពីបានលឺបទចម្រៀង «ទឹកចិត្តមេខ្ញុំ» ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា លោកឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន ដែលខ្លួនធ្លាប់រស់នៅធ្វើការជាមួយនឹងមេរបស់លោកគឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី គ្រុប។

ឧកញ៉ា យឹម តាស្រង់ បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃពុធម្សិលមិញថា លោករស់នៅជាមួយមេរបស់លោកជាច្រើនឆ្នាំ លោកស្គាល់ពីមេច្បាស់ ហើយលោកមកដល់ចំនុចនេះ គឺជាឱកាសដ៏ល្អ ដែលមេរបស់លោកបានជួយជ្រោមជ្រែង។ លោកបន្តថា មេរបស់លោករស់ដោយការចែករំលែក ឱ្យឱកាសចំពោះអ្នកមានសមត្ថភាពពិត ជំរុញចង់ឃើញកូនចៅមានបានទៅមុខ រកស៊ីសុច្ចរិត មិនបោកប្រាស់នរណា (មិនដូចការលាបពណ៍) គិតតែគេក្នុងផ្លូវល្អច្រើនជាងគិតគេក្នុងផ្លូវអវិជ្ជមាន ព្រមទាំងមានបេះដូងមនុស្សធម៍ពិត ចូលរួមជាមួយសង្គម គាំទ្រថ្នាក់ដឹកនាំ និងស្រឡាញ់សន្តិភាព។

លោកឧកញ៉ា បានលើកឡើងបន្ថែមយ៉ាងដូច្នេះថា៖ “ពាក្យមួយឃ្លា ដែលគាត់តែងតែនិយាយមកកាន់ខ្ញុំ និងបុគ្គលិកទាំងអស់ថា ហូបបាយមួយថ្ងៃតែបីពេលទេ រកស៊ីមានបាន ចែករំលែកបងប្អូនជុំវិញឱ្យមានបាន មិនមែន ដើម្បីបោកប្រើឱ្យតែមួយរស់ៗមានតែខ្លួនឯងម្នាក់ឯងឡើយ។គ្រប់សមាជិកគ្រួសារក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ច្រើន ឬតិចតាមសមត្ថតភាពរៀងៗខ្លួន កុំច្រណែនគ្នា ហើយពេលគ្រប់គ្នាមានបានកុំភ្លេចនាំគ្នាចែករំលែកថវិការខ្លះ ជួយសង្គមជាតិយើងកុំពេលមានបានសម្ងំស្ងៀមយកសុខតែគ្រួសារឯង”។

លោកឧកញ៉ា យឹម តាស្រង់ បានលើកឡើងបន្ថែមថា សូមបុគ្គលដែលមិនស្គាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ច្បាស់ដែលហៃអើតាមគ្នាឈប់បានឈប់ទៅ មិនស្គាល់ពីគាត់ច្បាស់ សូមកុំឱ្យខ្លួនឯងក្លាយជាទឹកថ្នាំលាបពណ៍លើអ្នកដទៃ។ លោកឧកញ៉ា ក៏សូមអរគុណបងប្អូនទាំងអស់ក្នុងគ្រួសារ Galaxy Navatra ដែលបាននិពន្ធបទនេះឡើង។ ទោះពេលនេះលោកចេញមកធ្វើកិច្ចការងារផ្ទាល់ខ្លួនក៏ដោយ តែក្តីស្រឡាញ់នៅតែដក់អារម្មណ៍របស់លោកជានិច្ច សម្រាប់បងប្អូនទាំងអស់គ្នាក្នុងគ្រួសារGalaxy Navatra ហើយសូមអំពើល្អដែលមេបានសាងកន្លងមក សូមជួបតែសេចក្តីល្អ៕




សូមទស្សនាវីដេអូខាងក្រោម៖