ពាណិជ្ជករជើងចាស់ ឧកញ៉ា ចាយ ស៊ាងអ៊ី បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៣: ៤៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៤ឆ្នាំដោយជរាពាធ នៅរាជធានីភ្នំពេញ។

លោកឧកញ៉ា ចាយ ស៊ាងអ៊ី គឺជាអតីតស្តេចស្រាថ្នាំបុរាណខ្មែរដ៏ល្បីល្បាញទូទាំងប្រទេស ជំនាន់មុន។ លោកត្រូវបានគេស្គាល់ថា ពាណិជ្ជករចាស់ទុំមួយរូបក្នុងពិភពជំនួញផ្នែកផលិតស្រាឱសថបុរាណខ្មែរ ជាពុទ្ធសាសនូបត្ថម្ភក៍ដ៏ឆ្នើមក្នុងព្រះពុទ្ធសាសនា។
តាមរយៈកិច្ចការងារសង្គម និងសាសនា លោឧកញ៉ា ចាយ ស៊ាងអ៊ី ត្រូវបានគណៈសង្ឃនាយកនៃកម្ពុជា សម្រេចត្រាស់បង្គាប់ផ្តល់គោរម្យ៍ងារជា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយព្រះមហាសង្ឃរាជ ទេព វង្ស។
លោកព្រឹទ្ធាចារ្យ ចាយ ស៊ាងអ៊ី ត្រូវជាឪពុករបស់លោក ចាយ បូរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ពីគណបក្សប្រជាជនកម្ពុជា៕

