វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈ នៅកម្ពុជា និងទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិល្បីៗជាច្រើន។ ថ្មីៗនេះ ផលិតផលចំនួន៥ ផ្សេងទៀតដែលទើបមានវត្តមានក្នុងទីផ្សារ ក៏ទទួលបានជ័យលាភីមេដាយមាស (GOLD QUALITY AWARD) ក្នុងកម្មវិធី MONDE SELECTION ប្រចាំឆ្នាំ២០២៣ ព្រមៗគ្នាពី “វិទ្យាស្ថានគុណភាព អន្តរជាតិ” ក្នុងនោះរួមមាន៖ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, និងភេសជ្ជៈ វី-អាកទីវ បៃតង។

ជាសក្ខីភាពនៃសមិទ្ធផលដ៏អស្ចារ្យ ដែលម៉ាកសញ្ញាថ្មីបំផុតទាំង២ ទទួលបានមេដាយមាសគុណភាពផ្ទួនគ្នា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន បានចំណាយ ពេលដ៏មានតម្លៃ ដើម្បីចូលរួមកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដោយផ្ទាល់នៅទីក្រុងប៊្រូសែល ប្រទេសហ៊ែលហ្សិក ដើម្បីបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុនក្នុងការនាំយកកិត្តិយសដែលផលិតផលក្នុងស្រុករបស់ខ្មែរ ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។

នៅលើវេទិកានៃកម្មវិធីនេះផងដែរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានមានប្រសាសន៍ថា៖ “ទោះបីវាជាលើកទីមួយរបស់ខ្ញុំនៅទីនេះ ប៉ុន្តែវាមិនមែនជាលើកទីមួយដែលផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីកម្មវិធី MONDE SELECTION AWARDS នោះឡើយ។ កន្លងទៅ ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរគ្រុឌ ក៏ទទួលបានមេដាយមាសពីស្ថាប័នដ៏ល្បីល្បាញមួយនេះ បន្ទាប់ពីឈានជើងចូលទីផ្សារក្នុងត្រឹមរយៈពេល៦ខែ ហើយពេលនេះសមិទ្ធផលថ្មីរបស់យើងចំនួន៥ផ្សេងទៀត ក៏ត្រូវបានទទួលស្គាល់ និងផ្តល់ជូនមេដាយមាសត្រឹមរយៈពេលដ៏ខ្លីដូចគ្នា។ នេះមិនមែនជារឿងចៃដន្យ វាកើតចេញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក ដៃគូអាជីវកម្ម ជាពិសេសអតិថិជនដែលតែងតែគាំទ្រ និងចូលចិត្តផលិតផលរបស់យើង”។

គិតមកទល់ថ្ងៃនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានផលិតផលសរុបទាំងអស់ចំនួន៨ប្រភេទ គឺស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ គ្រុឌ, ស្រាបៀរ ដ្រាហ្គិន, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, និងភេសជ្ជៈ វី-អាកទីវ បៃតង ដែលគ្រប់ផលិតផលទាំងអស់ សុទ្ធតែទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីស្ថាប័នល្បីៗទូទាំងពិភពលោក។ ចំណែកឯស្រាបៀរ ដ្រាហ្គិន ទទួលបានពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក WORLD BEER AWARDS ឆ្នាំ២០២២ សម្រាប់ជ័យលាភីមាស(Cambodia Gold Lager Dark) និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេសភ្លាមៗបន្ទាប់ពីមានវត្តមានក្នុងទីផ្សារ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានបន្តផងដែរថា៖ “តាំងពីដើមរៀងមក ឆន្ទៈរបស់យើងគឺមិនត្រឹមតែផលិតនូវផលិតផលដែលមានគុណភាពល្អដ៏ពិតប្រាកដ លើសពីនោះយើងចង់នាំមោទនកភាព និងកិត្តិយសជូនកម្ពុជា ក្នុងការផលិតនូវផលិតផល ដែលមានស្តង់ដារខ្ពស់ប្រកួតប្រជែងទាំងនៅក្នុងថ្នាក់តំបន់ និងនៅក្នុងពិភពលោក។ វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០ភាគរយ និងជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបង្អស់ស្ម័គ្រចិត្តចូលរួមសហការបំពាក់និងដាក់ឱ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា អនុលោមតាមសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីធានាបានតម្លាភាពចំណូលពន្ធអាករជាតិ និងការប្រកួតប្រជែងដោយស្មើភាពប្រកបដោយសេចក្ដីថ្លៃថ្នូរ ហើយយើងសូមលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សេងទៀតឱ្យចូលរួមអនុវត្តទាំងអស់គ្នាដើម្បីបង្កើនចំណូលពន្ធសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា”។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយ ដែលបានបង្កើតការងារដល់ពលរដ្ឋខ្មែរទាំងដោយផ្ទាល់ និងដោយប្រយោលរាប់ម៉ឺននាក់ និងតែងតែចូលរួមជំរុញពិពិធកម្មផលិតផលទំនិញ និងសេវានៅក្នុងស្រុកឱ្យកាន់តែមានស្ដង់ដារ និងគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ភាពច្នៃប្រឌិត សុខភាព សេវាកម្មល្អឯក និងមេត្រីភាពបរិស្ថាន» សម្រាប់រាល់ការវិនិយោគទាំងឡាយនៅក្នុងប្រទេសកម្ពុជា ដែលរួមមានវិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារវិស័យទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀត៕










