លោក ហួន លីមីង លោក ហុង ឆេងឈុន និងលោក កែវ ចំរ៉ុង ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យមួយទំព័រលេខ នស/រកត/០៦២៣/១០៦៦ ។
ព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ាមួយទំព័រដល់លោក លោក ហួន លីមីង លោក ហុង ឆេងឈុន និងលោក កែវ ចំរ៉ុង ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
សហគ្រិនទាំង៣ខាងលើ ទើបទទួលបានងារឧកញ៉ានាពេលនេះ គឺជាពាណិជ្ជករវ័យក្មេង ដែលកំពុងវិនិយោគក្នុងទឹកដីខេត្តកំពង់ស្ពឺដ៏មានឥទ្ធិពល។ មិនតែប៉ុណ្ណោះលោកទាំង៣ ក៏ជាស្ថាបនិកសំខាន់ៗចូលផ្តួចផ្តើមបង្កើតសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ខណៈដែលលោក ហុង ឆេងឈុន ដែលត្រូវបានគេស្គាល់ថាជា អគ្គនាយក បុរី ឈុនទីន គឺជាសហស្ថាបនិក និងជាប្រធានសមាគម។
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានប្រកាសជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដោយមានស្ថាបនិកសំខាន់ៗជិត១០រូប ដូចជា៖ លោក ហុង ឆេងឈុន, លោក ឯល រ៉ូហ្សែត, លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា, លោក តាំង សេងប៉, លោក កែវ ចំរុង, លោក ហួន លីមីង និងសហគ្រិនមួយចំនួនទៀត បានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានាយុគសម័យឌីជីថល។
សូមជម្រាបថា សមាគមខាងលើនេះ បង្កើតឡើងក្នុងគោលដៅ ដើម្បីចូលរួមសហការ និងគាំទ្រជាមួយរាជរដ្ឋាភិបាលជួយពង្រឹង ការទំនាក់ទំនង បង្រួបបង្រួម សាមគ្គីភាព ស្វែងរកនូវភាពរីកចម្រើន ពង្រឹងវប្បធម៌សាមគ្គីភាព ឯកភាពគ្នា ក្នុងស្មារតីជួយគ្នាទៅវិញទៅមក រវាងសហគ្រិនអាជីវករកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ប្រកបដោយសុខដុម៕