លោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប យល់ឃើញថា មនុស្សពូកែជាច្រើន មិនអាចសម្រេចបានជោគជ័យធំ គឺដោយសារកត្តាមួយចំនួន ជាពិសេសគឺការខ្វះភាពទំនួលខុសត្រូវ ចំពោះខ្លួនឯង ក្រុមការងារ និងស្ថាប័នដែលខ្លួនកំពុងបម្រើការ។

លោកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃអង្គារម្សិលមិញថា មនុស្សចាប់ផ្តើមរីកចម្រើននៅពេលដែលគេចាប់ផ្តើមមានទំនួលខុសត្រូវ និងមានវិន័យចំពោះខ្លួនឯង ក្រុមគ្រួសារ ក្រុមការងារ និងស្ថាប័នដែលគេធ្វើការជាមួយ។ លោកឧកញ៉ាអគ្គនាយក បានបន្តថា យ៉ាងណាមិញ មានមនុស្សពូកែជាច្រើន ដែលមិនទទួលបានជោគជ័យធំនោះទេ ដោយសារពួកគេគិតថាគេឆ្លាត គេមិនសូវចូលចិត្តធ្វើការទេ ហើយជារឿយៗគឺខ្វះទំនួលខុសត្រូវចំពោះខ្លួនឯង ក្រុមការងារ និងស្ថាប័នដែលគេធ្វើការ។ ផ្ទុយទៅវិញ មនុស្សដែលមិនសូវឆ្លាត តែពួកគេខិតខំប្រឹងប្រែងរៀនសូត្រ មានទំនួលខុសត្រូវខ្ពស់ជាមួយកាតព្វកិច្ចរបស់ខ្លួន ជាញឹកញយទទួលបានលទ្ធផលល្អ។

លោកឧកញ៉ា ហេង បូរិន គឺជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈវិស័យអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។ លោកឧកញ៉ា ជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី ហើយក៏ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ផងដែរ៕