ឧកញ៉ាវ័យក្មេង និងជាចាងហ្វាងផលិតកម្ម Galaxy Navatra ឡេង ណាវ៉ាត្រា ម្សិលមិញនេះបានសម្រេចប្រគល់ជូនរង្វាន់មួយដល់ខេត្តកំពង់ស្ពឺ ក្រោយពេលដែលលោកទទួលថា លោកមានបានមកដល់ឥឡូវនេះ គឺដោយសារខេត្តក្បែររាជធានីមួយនេះ។

ឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រេចជូនអំណោយដោយកសាងផ្លូវបេតុងមួយខ្សែជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលផ្លូវមានប្រវែង ៣៣០០ ម៉ែត្រ ទទឹង ៨ម៉ែត្រ។ ផ្លូវមួយខ្សែនេះ ស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយចំណាយទឹកប្រាក់សរុបជាង 90 ម៉ឺនដុល្លារក្នុងការសាងសង់។ ពិធីបើកការដ្ឋានសាងសង់ផ្លូវបានបើកសម្ពោធនាថ្ងៃម្សិលមិញ ក្រោមអធិបតីភាពអភិបាល នៃគណៈអភិបាលខេត្តខេត្តកំពង់ស្ពឺ ឯកឧត្ដម វី សំណាង។

លោក យឹម តាស្រង់ ជានាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra និងជាមនុស្សជំនិតរបស់ឧកញ៉ាវ័យក្មេង បានបញ្ជាក់ថា នេះជាអំណោយលើកទី២សម្រាប់១ខែចុងក្រោយ ដែលឧកញ៉ាបានបរិច្ចាគជួយសង្គម ដោយខែមុន ក៏ទើបបានជួយកសាងផ្លូវមួយខ្សែដែរនៅច្រកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយចំណាយទឹកប្រាក់ដល់ទៅជាង ៣លានដុល្លារអាមេរិកឯណោះ។

ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ នេះគឺជាគម្រោងដំបូងដល់ផ្ដល់ជូនដោយក្រុមហ៊ុនរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយថា នេះជាសកម្មភាពចូលរួមសង្គមជារឿយៗរបស់ក្រុមហ៊ុន Galaxy។ ប៉ុន្តែនិយាយដោយឡែកសម្រាប់តែខេត្តកំពង់ស្ពឺ គឺជាការដឹងគុណមួយរបស់ឧកញ៉ា ដែលបានរកស៊ីមានបានរហូតទទួលងារជាឧកញ៉ា កើតពីដីខេត្តមួយនេះ។

គេនៅចាំបានថា ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលដើមឡើយ គឺជាពលករខ្មែរធ្វើការនៅប្រទេសកូរ៉េនោះ បានប្រមែប្រមូលប្រាក់សន្សំ បូករួមទាំងប្រាក់ខ្ចីក្រុមគ្រួសារខ្លះផង បានទៅទិញដីមួយកន្លែងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺតម្លៃជាង ២ម៉ឺនដុល្លារអាមេរិក។ ពលករ ណាវ៉ាត្រា បានទិញដីនោះ ខណៈខ្លួននៅធ្វើការនៅប្រទេសកូរ៉េនៅឡើយ ហើយក្រោយមកដីនោះ ផ្ដើមត្រូវប៉ាន់ ដោយលោកបានលក់ចេញវិញមានតម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក។បានលុយចំណេញពីការវិនិយោគដីទី១ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ លោក ណាវ៉ាត្រា បានយកទៅវិនិយោគបន្តលើដីកន្លែងផ្សេងទៀតក្នុងទឹកដីខេត្តកំពង់ស្ពឺដដែល និងតំបន់មួយចំនួនក្នុងខេត្តកណ្ដាល។ បន្តមក តំបន់ទាំងនោះ កាន់តែមានសក្ដានុពល ហើយដីវិនិយោគនានារបស់ពលករ ណាវ៉ាត្រា រឹតតែត្រូវប៉ាន់បន្តបន្ទាប់ ធ្វើឲ្យលោក កាន់តែផ្លាស់ប្ដូរជីវភាពបន្តិចម្ដងៗ រហូតដល់អាចកសាងក្រុមហ៊ុនធំមួយដាក់ឈ្មោះលោកផ្ទាល់ គឺក្រុមហ៊ុន Galaxy Navatra ដែលគ្របដណ្ដប់ភាគច្រើនលើជំនួញអចលនទ្រព្យ និងសិល្បៈ។

ក្រៅពីនេះ ក្រុមហ៊ុន Galaxy Navatra ក៏ទើបវិនិយោគផ្សារកសិផលធម្មជាតិ ណាវ៉ាត្រា ដើម្បីជួយរកទីផ្សារឲ្យកសិករខ្មែរកាលពីដើមឆ្នាំនេះដែរ។ ក្រោយមានបាន លោក ឡេង ណាវ៉ាត្រា ក៏បានចូលរួមជួយសង្គមតាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើន ដូចជាជួយផ្លូវដល់សហគមន៍ ជួយមន្ទីរពេទ្យគន្ធបុប្ផាជាដើម ហើយសកម្មភាពនេះ ក្រោយមកនៅពាក់កណ្ដាលឆ្នាំ ២០១៩ លោកក៏បានព្រះមហាក្សត្រព្រះរាជទានងារជាឧកញ៉ា តាមព្រះរាជក្រឹត្យមួយកាលពីថ្ងៃកាលពីថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ ២០១៨។

“ដោយសារតែបែបនោះ ហើយទើប ឧកញ៉ា គាត់សម្រេចជួយកសាងផ្លូវបេតុងមួយខ្សែនៅក្នុងភូមិឃុំហ្នឹង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជាតបស្នង ដឹងគុណដែលគាត់រកស៊ីមានបានកើតចេញពីដីនៅហ្នឹង(កំពង់ស្ពឺ)ដែរ!”។ លោក យឹម តាស្រង់ ថ្លែង៕



ប្រភព៖Sabay