អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ត្រូវបានបុគ្គលិកជាន់ខ្ពស់ នៃក្រុមហ៊ុនរបស់លោកជាច្រើនរូប ធ្វើពិធីអបអរសាទរក្នុងឱកាសថ្ងៃខួបកំណើត ព្រមទាំងទទួលបានសារលិខិតជូនពរ និងបាច់ផ្កាជាច្រើន ធ្វើឱ្យលោកបង្ហាញពីស្នាមញញឹម និងក្តីរំភើបរីករាយយ៉ាងខ្លាំង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ។

បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលបានផ្ញើសារ និងបាច់ផ្កា គោរពជូនពរដល់អ្នកឧកញ៉ា សៀ ឫទ្ធី ម្សិលមិញនេះ គឺមានមកពីក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា ថ្នាក់ដឹកនាំនិងបុគ្គលិករបស់គម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ, ក្រុមហ៊ុនដឹកជញ្ជូន Kerry Worldbridge Logistics, ធនាគារប្រ៊ីដ និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកមកពីផ្នែកពាក់ព័ន្ធជាច្រើនទៀត។ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប យល់ឃើញថា អ្នកឧកញ៉ា គឺជាគំរូដ៏ល្អឥតខ្ចោះ ទាំងភាពជាអ្នកដឹកនាំ និងប្រាជ្ញា និងសូមគោរពជូនពរអ្នកឧកញ៉ា ឱ្យមានសុភមង្គល មានសុខភាពល្អ និងកាន់តែទទួលជោគជ័យគ្រប់ភារះកិច្ច។

អ្នកឧកញ៉ា សៀ ឫទ្ធី ជាសេដ្ឋីមួយរូបនៅកម្ពុជា ដែលបានបោះទុនវិនិយោគលើគម្រោងធំៗជាច្រើន ក្នុងនោះគម្រោងធំៗដែលគេបានស្គាល់ច្បាស់ជាងគេមានដូចជា អគារ The Peak ស្ថិតនៅទល់មុខមាត់ទន្លេ ក្បែរស្ពាននាគកោះពេជ្រ ខណ្ឌចំការមន ជាអគារពាណិជ្ជកម្ម ដែលខ្ពស់ជាងគេចំនួន៣ នៅរាជធានីភ្នំពេញ មានកម្ពស់ជាង ២០០ម៉ែត្រ និងមាន ៥៥ជាន់ ដោយចំណាយទុនវិនិយោគប្រមាណ ៥៨០ លានដុល្លារ និងគម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃទុនវិនិយោគជាង ២០០ លានដុល្លារ ដែលបានសាងសង់រួចរាល់ នៅដើមឆ្នាំ២០២៣នេះ សម្រាប់ទទួលប្រតិភូកីឡាករមកពីបណ្តាប្រទេសអាស៊ាន ក្នុងការស្នាក់នៅ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣៕









