លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចមួយ ស្តីពីការទទួលស្គាល់សមាសភាពថ្មី នៃក្រុមការងារក្រុងព្រះសីហនុ របស់សមាគមយុវជនក្រុម៨ ចំនួន ៣០រូប ក្នុងនោះមានឧកញ៉ាតែមួយរូបគត់ គឺលោកឧកញ៉ា រស់ ឌីណែត ជាសមាជិក។

សេចក្តីសម្រេចកែសម្រួល និងទទួលស្គាល់សមាសភាពក្រុមការងារក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៃសមាគមយុវជនក្រុម៨នេះ គឺមាន៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ជាប្រធានកិត្តិយស, លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ជាប្រធាន និងមានអនុប្រធាន ចំនួន ៦រូប ព្រមទាំងមានសមាជិកសរុប ២២រូបផ្សេងទៀត រួមទាំងលោកឧកញ៉ា រស់ ឌីណែត ផងដែរ។




សូមជម្រាបថា សមាគមយុវជនក្រុម៨ ត្រូវបានបង្កើតឡើង ហើយត្រូវបានក្រសួងមហាផ្ទៃចេញប្រកាស ចុះបញ្ជីជាផ្លូវការ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥។ សមាគមនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការងារសប្បុរសធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។ សមាគមយុវជនក្រុម៨ បច្ចុប្បន្ននេះ គឺដឹកនាំដោយលោកបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន៕