សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។ សម្រាប់ចំណុចគោលសំខាន់ៗចំនួន៦ ដែលជាវិសាលភាពនៃកិច្ចសហប្រតិបត្តិការនេះ មានដូចខាងក្រោម៖
១. សហការរៀបចំព្រឹត្តិការណ៍ជំរុញវិនិយោគ និងផ្សព្វផ្សាយសក្តានុពល កាលានុវត្តភាព និងនវានុវត្តន៍ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការវិនិយោគ
២. ជំរុញការផ្សព្វផ្សាយព័ត៌មានស្តីពីវិនិយោគ រាប់បញ្ចូលប៉ុន្តែមិនកម្រិតត្រឹមវិធាននៃការវិនិយោគ បទប្បញ្ញត្តិ គោលនយោបាយ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងពហុភាគី និងនីតិវិធីដទៃទៀត
៣. សហការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់បម្រើដល់ការជំរុញនិងផ្តល់កិច្ចសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា
៤. រួមគ្នាក្នុងការប្រមូលព័ត៌មាននិងស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលវិនិយោគិនជួបប្រទះក្នុងអំឡុងពេលវិនិយោគ ឬធ្វើធុរកិច្ចនៅកម្ពុជា និងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ និងពាណិជ្ជកម្មតាមរយៈយន្តការនានា ដែលធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល
៥. ជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសកម្ពុជានិងបរទេស តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការផ្គូផ្គងដៃគូ ដើម្បីសម្រួលដល់ការវិនិយោគ និងពង្រឹងពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាង វិនិយោគិនធុរជន និងសហគ្រិន
៦. សហការធ្វើសកម្មភាពដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ដល់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងសកម្មភាពសង្គម និងមនុស្សធម៌ផងដែរ។
គួរបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ មានសុពលភាពរយៈពេល ៣ឆ្នាំ ហើយនឹងបន្តសុពលភាពដោយស្វ័យប្រវត្តិរយៈពេល ២ឆ្នាំទៀត បើមិនមានការជូនដំណឹងជាលាយលក្ខណ៍អក្សរពីការបញ្ចប់ពីភាគីណាមួយ ក្នុងរយៈពេលយ៉ាងតិច ៣ខែ មុនកាលបរិច្ឆេទកំណត់៕