ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានៈអតីតឧកញ៉ាមួយរូប មានឋានៈស្មើ «រដ្ឋមន្ត្រី»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​កម្ពុជា ​​​​​ត្រាស់​បង្គាប់​​​ដំឡើងឋានៈលោក គឹម រស្មី ជាទីប្រឹក្សាផ្ទាល់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ មានឋានៈស្មើ «រដ្ឋមន្ត្រី» ​នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៏ឯកផ្កាយ ៣ គឹម រស្មី បច្ចុប្បន្នកំពុងកាន់តួនាទីជាអគ្គលេខាធិការរងក្រសួងការពារជាតិ ទទួលបន្ទុកការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ។ លោក​ក៏ជាអនុ​ប្រធាន​គណៈកម្មការ​​ដឹ​កនាំ​ការ​​ងារ​ហ្វឹក​ហ្វឺន​ អប់រំ​ចិត្ត​សាស្រ្ត​ប្រវត្តិសាស្ត្រ​យោធា ​និងសណ្តាប់​ធ្នាប់ នៃក្រសួងការពារជាតិ។

គួររម្លឹកថា ឧត្តមសេនីយ៏ឯក គឹម រស្មី ធ្លាប់ទទួលបានការតែងតាំង​ជា​ជំនួយការ​ផ្ទាល់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានឋានៈស្មើ «អនុរដ្ឋលេខាធិការ» កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ ក្រោយ​មក លោក​ក៏​ត្រូវ​បាន​ប្រមុខរដ្ឋ​ស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រាស់បង្គាប់តែងតាំង​ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើ «រដ្ឋលេខាធិការ» បន្ថែមលើមុខងារបច្ចុប្បន្ន កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

លោក គឹម រស្មី ដែល​ជា​ស្វាមី​របស់​លោកជំទាវ ម៉ែន ចាន់ណារី ក៏ធ្លាប់​ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់​បង្គាប់តែងតាំងជា «ឧកញ៉ា» ផង​ដែរ កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ប៉ុន្តែ​ត្រូវ​បាន​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី សម្រេចបញ្ចប់គោរមងារ «ឧកញ៉ា» រួមជាមួយ​នាយ​ទាហាន​ជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចំនួន៧៤រូប​ផ្សេង​ទៀត កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

ការ​បញ្ចប់​គោរមងារ «ឧកញ៉ា» ខាង​លើ​នេះ​ គឺ​បន្ទាប់ពី​កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធ ទាំងយោធា នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។ កងកម្លាំងប្រដាប់អាវុធណា ដែល​មានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីជាយោធា៕