ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់ពាណិជ្ជករវ័យក្មេងលោក ណាង ណាន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០៦៣។
កាលដែលអង្គព្រះមហាក្សត្រផ្តល់គោរមងារឧកញ៉ា ជូនលោក ណាង ណាន នៅពេលនេះធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ឧកញ៉ា ណាង ណាន ត្រូវបានគេទម្លាយឲ្យដឹងថា ជាអ្នករកស៊ីវ័យក្មេងមួយរូបដែលបាននាំចូលវិស័យជំនួញពីប្រទេសថៃមកកម្ពុជា។ បច្ចុប្បន្នលោកកំពុងជោគជ័យក្នុងវិស័យទេសចរណ៍ជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍ ណានពីរ (NAN PI Travel Tour)។
បន្ថែមទៀតនោះ ឧកញ៉ាម្ចាស់ក្រុមហ៊ុន ណានពីរ រូបនេះក៏ជាសប្បុរសជនឆ្នើមមួយរូបផងដែរ ដែលតែងបង្ហាញមុខក្នុងការចូលរួមបរិច្ចាគទ្រព្យធនធានថវិកា និងសម្ភារជាមួយរាជរដ្ឋាភិបាលដូចភ្លៀងរលឹម ខណ:សកម្មភាពកិច្ចការងារមនុស្សធម៌ទាំងនេះក៏ជាមូលហេតុនាំឲ្យលោកត្រូវរាជរដ្ឋាភិបាលកម្ពុជា ទូលថ្វាយព្រះមហាក្សត្រផ្តល់គោរមងារ «ឧកញ៉ា» ទៀតផង៕



