សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានសម្រេចប្រគល់សមត្ថកិច្ចឱ្យ «ទីស្តីការគណៈរដ្ឋមន្ត្រី» ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការលើកសំណើតែងតាំង និងគ្រប់គ្រងគោរមងារឧកញ៉ា នៅប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok រាជធានីភ្នំពេញ កាលពីព្រលប់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា គោរមងារឧកញ៉ា ត្រូវបានប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននេះនៅក្នុងយុគសម័យសេដ្ឋកិច្ចទីផ្សារសេរី គោរមងារឧកញ៉ាត្រូវបានប្រើប្រាស់ឡើងវិញ នៅក្នុងសង្គមខ្មែរ ដែលជាគោរមងារដ៏ខ្ពង់ខ្ពស់ ព្រះរាជប្រទានដោយព្រះមហាក្សត្រតាមរយៈព្រះរាជក្រឹត្យ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលមានស្នាដៃអភិវឌ្ឍន៍ និងកសាងជាតិ។
ដោយឃើញពីការចូលរួមចំណែករបស់ឧកញ៉ា ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចយើង ការកើនឡើងជាបន្តបន្ទាប់នៃចំនួនឧកញ៉ា ក៏ដូចជាដើម្បីលើកតម្កើងកិត្តិនាមថ្មីនៃឧកញ៉ាក្នុងសម័យសន្តិភាពនេះ កាលពី២ឆ្នាំមុន សម្តេចបានផ្តល់ការណែនាំឱ្យមានការរៀបចំឡើងនូវក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា សំដៅរក្សាបាននូវកិត្យានុភាព សាមគ្គីភាព និងគុណធម៌ ក្នុងគោរមងារឧកញ៉ា។
សម្តេចតេជោ បានថ្លែងដូច្នេះថា៖ “ម្សិលមិញនេះ ព្រះរាជក្រឹត្យទាក់ទងនឹងគោរមងារឧកញ៉ានេះ បានមកដល់តុរបស់ខ្ញុំរួចស្រេចទៅហើយ ប៉ុន្តែខ្ញុំបានស្នើសម្តេចក្រឡាហោម ស ខេង ដែលបានដឹកនាំរៀបចំនូវពង្រាងព្រះរាជក្រឹត្យ លិខិតបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រងឧកញ៉ា ដើម្បីកែសម្រួលមាត្រាចំនួន៣ និងអាចមានមាត្រាខ្លះទៀត”។

“ព្រះរាជក្រឹត្យថ្មីនេះ នៅថ្ងៃខាងមុខ ពេលយើងជួបជុំគ្នានៅលើកក្រោយ យើងនឹងមានឯកសណ្ឋានសម្រាប់ឧកញ៉ារបស់យើង។ អ្វីដែលកែសម្រួលនោះ គឺនៅត្រង់ថា តើយើងដាក់ឱ្យស្ថាប័នណាគ្រប់គ្រង? តាមពង្រាងព្រះរាជក្រឹត្យថ្មីនេះ បានដាក់ឱ្យក្រសួងមហាផ្ទៃ ធ្វើការលើកសំណើ និងធ្វើការគ្រប់គ្រង ប៉ុន្តែក្របខ័ណ្ឌដើមដែលយើងមានពីមុនមក រហូតមកដល់ពេលនេះ គឺស្ថិតនៅឯទីស្តីការគណៈរដ្ឋមន្ត្រីឯណោះ ដោយនៅទីនោះមានទាំងនាយកដ្ឋានសម្រាប់ការវាយតម្លៃលើគ្រឿងឥស្សរិយយស និងការវាយតម្លៃពីឥស្សរជនដែលមានស្នាដៃ ដូច្នេះហើយបានជាខ្ញុំ ប្រគល់ឱ្យសម្តេចក្រឡាហោម ស ខេង រៀបចំកែសម្រួលមាត្រា៤ មាត្រា៨ មាត្រា៩ និងមាត្រាមួយទៀត ដែលពាក់ព័ន្ធផ្ទេរសមត្ថកិច្ច ដោយរក្សាសមត្ថកិច្ចឱ្យនៅដដែល ដើម្បីឱ្យមានសង្គតិភាព ទៅលើកិច្ចការ ដែលមានរយៈពេលកន្លងទៅ”។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែម។
យ៉ាងណាមិញ ចំពោះបែបបទផ្តល់គោរមងារឧកញ៉ាថ្មី សម្តេចសូមស្នើអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អាចលើកសំណើតែងតាំងមួយចំនួនមុន សម្រាប់ថ្នាក់លោកអ្នកឧកញ៉ា ដែលជាគោរមងារខ្ពស់ ក្នុងចំណោមគោរមងារទាំង៣។ សម្តេចតេជោ បានបន្ថែមថា រដ្ឋមន្ត្រីមានសិទ្ធិស្នើទៅនាយករដ្ឋមន្ត្រី ប៉ុន្តែត្រូវឆ្លងកាត់ការវាយតម្លៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល សម្រាប់ការផ្តល់គោរមងារនេះ ទៅឱ្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានយន្តការហើយស្រេច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ព្រះរាជក្រឹត្យនេះបានរៀបចំរួចហើយ ហើយសម្តេចក៏បានពិភាក្សាជាមួយសម្តេចក្រឡាហោម ថាប្រគល់ការងារនេះទៅឱ្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានយន្តការស្រាប់នៅទីនោះ ហើយទីស្តីការគណៈរដ្ឋមន្ត្រី អាចបង្កើតជា អគ្គនាយកដ្ឋានមួយ ដើម្បីធ្វើការងារនេះ ទាក់ទងនឹងការវាយតម្លៃគ្រឿងឥស្សរិយយស និងការវាយតម្លៃពាក់ព័ន្ធនឹងថ្នាក់ឧកញ៉ា ជាដើម ដើម្បីមានសង្គតិភាពជាមួយនឹងការរីកលូតលាស់ នៃសង្គមខ្មែររបស់យើង ដែលមានអ្នកចូលរួមកាន់តែច្រើនសម្រាប់វិស័យមនុស្សធម៌ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការរួមចំណែកនានា ដែលស័ក្តិសមនឹងទទួលបាននូវកិត្តិយសជា ឧកញ៉ា អ្នកឧកញ៉ា ឬលោកអ្នកឧកញ៉ា៕