នាពេលបច្ចុប្បន្ន នៅប្រទេសកម្ពុជា មានគោរមងារឧកញ៉ាតែ២ថ្នាក់ប៉ុណ្ណោះគឺ ឧកញ៉ា និងអ្នកឧកញ៉ា ប៉ុន្តែក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងមានគោមងារឧកញ៉ាកម្រិតខ្ពស់បំផុតមួយទៀតគឺ «លោកអ្នកឧកញ៉ា» ដូចទៅនឹងសម័យដើមដែរ ដែលនឹងមានចែងក្នុងព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងឧកញ៉ា។ នេះបើតាមការបង្ហើបឱ្យដឹងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹង ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok នៅព្រលប់ថ្ងៃនេះថា គោរមងារឧកញ៉ា ត្រូវបានប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននេះនៅក្នុងយុគសម័យសេដ្ឋកិច្ចទីផ្សារសេរី គោរមងារឧកញ៉ាត្រូវបានប្រើប្រាស់ឡើងវិញ នៅក្នុងសង្គមខ្មែរ ដែលជាគោរមងារដ៏ខ្ពង់ខ្ពស់ ព្រះរាជប្រទានដោយព្រះមហាក្សត្រតាមរយៈព្រះរាជក្រឹត្យ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលមានស្នាដៃអភិវឌ្ឍន៍ និងកសាងជាតិ។
ដោយឃើញពីការចូលរួមចំណែករបស់ឧកញ៉ា ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចយើង ការកើនឡើងជាបន្តបន្ទាប់នៃចំនួនឧកញ៉ា ក៏ដូចជាដើម្បីលើកតម្កើងកិត្តិនាមថ្មីនៃឧកញ៉ាក្នុងសម័យសន្តិភាពនេះ កាលពី២ឆ្នាំមុន សម្តេចបានផ្តល់ការណែនាំឱ្យមានការរៀបចំឡើងនូវក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា សំដៅរក្សាបាននូវកិត្យានុភាព សាមគ្គីភាព និងគុណធម៌ ក្នុងគោរមងារឧកញ៉ា។

សម្តេចតេជោ ប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ “តាមការស្រាវជ្រាវ ឧកញ៉ានៅប្រទេសយើង មិនមែនមានតែ២ថ្នាក់ដូចបច្ចុប្បន្នទេ គឺបច្ចុប្បន្នយើងមាន ឧកញ៉ា អ្នកឧកញ៉ា ប៉ុន្តែពីអតីតកាលយើងមានដល់ទៅ៣ថ្នាក់ឯណោះគឺ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ដែលជាសក្ខីភាពមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានឡាយព្រះហស្ថលេខាលើក្រឹត្យមួយ ដែលព្រះរាជទានគោរមងារសម្រាប់តែងតាំងលោក យោង រាជ ជា «លោកអ្នកឧកញ៉ា» មានឋានៈស្មើ អគ្គរាជទូត។ ព្រះរាជក្រឹត្យនេះ គឺនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៨៦។ នេះជាព្រះរាជក្រឹត្យ ដែលព្រះមហាក្សត្រព្រះរាជប្រទាន និងដែលសម្តេចក្រឡាហោម ស ខេង ផ្តល់ឱ្យខ្ញុំ”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចបានប្រគល់ឱ្យសម្តេចក្រឡាហោម ស ខេង រៀបចំកែសម្រួលមាត្រាមួយចំនួន ដែលពាក់ព័ន្ធផ្ទេរសមត្ថកិច្ច ដោយរក្សាសមត្ថកិច្ចឱ្យទីស្តីគណៈរដ្ឋមន្ត្រីជាអ្នកគ្រប់គ្រងដដែល ដើម្បីឱ្យមានសង្គតិភាព ទៅលើកិច្ចការ ដែលមានរយៈពេលកន្លងទៅ។ ពេលដែលព្រះរាជក្រឹត្យថ្មីចេញ សម្តេចស្នើអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា គឺលើកសំណើតែងតាំងមួយចំនួនមុន សម្រាប់ថ្នាក់ «លោកអ្នកឧកញ៉ា» ដែលជាគោរមងារខ្ពស់ជាងគេ ក្នុងចំណោមគោរមងារទាំង៣៕

