ដើម្បីស្វែងរកដំណោះស្រាយបញ្ហាការរឹបអូសផ្ទះអតិថិជនរវាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានក្នុងប្រទេសកម្ពុជា កិច្ចប្រជុំបន្ទាន់មួយត្រូវបានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អញ្ជើញក្រុមហ៊ុនដែលជាសមាជិកមកប្រជុំពិភាក្សាអំពីសេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ស្តីពី «ការផ្អាកបណ្ដោះអាសន្នការរឹបអូសផ្ទះរបស់អតិថិជនមិនទាន់បានបង់ប្រាក់ និងដោះស្រាយតាមនីតិវិធីដោយធ្វើឥណទានឡើងវិញ»។
កិច្ចប្រជុំខាងលើនេះ ដឹកនាំដោយអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដំណាងវិស័យឯកជនជាមួយដំណាងរាជរដ្ឋាភិបាលមកពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្រ្តីពាក់ព័ន្ធ។ ក្នុងនោះក៏មានការអញើញចូលរួមពីអ្នកឧកញ៉ា ហុង ពីវ ប្រធានកិត្តិយសសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាម្ចាស់បុរី ពិភពថ្មី អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគម ជាម្ចាស់បុរី ជីបម៉ុង លែន អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធា ជាម្ចាស់អគារខ្ពស់កប់ពក The Park ឧកញ៉ា ថៃ ជាហួត អនុប្រធាន ជាម្ចាស់បុរី ប៉េង ហួត ព្រមទាំងម្ចាស់បុរីមួយចំនួនទៀត។
កិច្ចប្រជុំស្វែងរកដំណោះស្រាយបន្ទាន់នេះ គឺកើតឡើងក្រោយមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួន ធ្វើការរឹបអូសផ្ទះរបស់អតិថិជនដែលធ្វើការបង់ប្រាក់យឺតយ៉ាវ ហើយរឿងវ៉ាងនេះត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបញ្ឈប់ធ្វើការរឹបអូសផ្ទះ ដោយបង្វែមករៀបចំនិតិវិធីធ្វើឥណទានឡើងវិញ។
បើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា កិច្ចប្រជុំនេះផ្តោតទៅលើរបៀបវារៈចំនួន៥ គឺទី១ សមាជិក-សមាជិកាធ្វើរបាយការណ៍អំពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងបុរី របស់ខ្លួនអំពីការរឹបអូសផ្ទះរបស់អតិថិជន ២.វិធានការ និងដំណោះស្រាយសម្រាប់ក្រុមហ៊ុន និងអតិថិជន អំពីការរឹបអូសផ្ទះរបស់អតិថិជន ៣.ចំណាត់ការរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាដើម្បីឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៤.បញ្ហាប្រឈម និងទី៥.សំណូមពរផ្សេងៗ៕