ឧកញ៉ា សួរ វីរៈ បង្ហើបប្រាប់គោលការណ៍រកស៊ី ៥ចំណុច ទើបអាចពង្រីកក្រុមហ៊ុន វីរៈប៊ុនថាំ ដល់ ៨៥១សាខា

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ​​បាន​បង្ហើប​ប្រាប់​ពី​គោលការណ៍​រកស៊ី​រឹងមាំ​ចំនួន ៥​ចំណុច ​​ដែល​ធ្វើ​ឱ្យ​លោក​អាច​ដឹកនាំ​អាជីវកម្ម​ឱ្យ​រីក​ចម្រើន តាំងពី​តូច​ រហូត​ដល់​បច្ចុប្បន្ន​ ក្រុមហ៊ុន វីរៈប៊ុនថាំ បាន​ក្លាយ​ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើអីវ៉ាន់ ឈានមុខគេ​នៅកម្ពុជា ​ព្រម​ទាំង​បានពង្រីក​ខ្លួន ឡើងដល់ ៨៥១សាខា នៅទូទាំងប្រទេសកម្ពុជា​ ថៃ និង​វៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​បង្ហើប​ឱ្យ​ដឹង​នូវ​គោលការណ៍​ចំនួន​៥នោះ រួម​មាន៖ ១)ការតាំងចិត្តធ្វើជា​អ្នកជំនួញពិត​ប្រាកដ ២)ស្គាល់ច្បាស់ពីអាជីវកម្មខ្លួនឯងកំពុងធ្វើ ៣)ការតាំងចិត្ត និងការលះបង់ខ្ពស់ ៤)ការជំរុញ និងលើកទឹកចិត្ត និង ៥)ការ​ធ្វើផែនការអាជីវកម្មច្បាស់លាស់។

លោកឧកញ៉ា បាន​សង្កត់​ធ្ងន់​ទៀត​​នូវធនធានសំខាន់បំផុតចំនួន ៣ ដែលសហគ្រិនគួរ​ចេះប្រើប្រាស់​ឱ្យបានប្រុង​ប្រយ័ត្ន ហ្មត់ចត់ និងប្រកបដោយប្រសិទ្ធភាពបំផុត រួមមាន៖ “ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងធនធាន​ពេលវេលា”។ ធនធានទាំង៣នេះ មេដឹកនាំគប្បីត្រូវចេះប្រើវាដោយសន្សំសំចៃខ្ពស់ ប្រើឱ្យចំគោលដៅបំផុត។ មួយ​វិញទៀត ក្នុងការចាប់ផ្ដើមអាជីវកម្មដំបូង បើសិនជាអាចមេដឹកនាំគប្បីត្រូវចេះជំនាញច្រើន និងអាចធ្វើរឿង​ច្រើនយ៉ាងបានល្អបំផុត ទើបជារឿងប្រសើរ។

សូម​ជម្រាប​ថា លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ក៏ជាម្ចាស់រីសត កោះស្តេចរីសត និង ភីដូម៉ា រីសត (Pidoma Resort) ផង​ដែរ។ កោះស្តេចរីសត ជាតំបន់រមណីយដ្ឋាន លក្ខណៈឯកជន​ដំបូង​គេ​បង្អស់​​នៅ​លើ​កោះ​ឆ្នេរដូង ស្ថិត​នៅភូមិ​កោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ រីឯ ភីដូម៉ា រីសត ​មាន​ទីតាំង​​នៅ​តំបន់​ដាក់ដាំ ​ខេត្ត​មណ្ឌលគិរី តំបន់រមណីយ​ដ្ឋាន​មួយ​នេះ​ ពិត​ជា​ស័ក្តិសម​សម្រាប់​បងប្អូន​ដែល​​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​មណ្ឌលគិរី និង​ចង់​បាន​បទពិសោធន៍​ថ្មី​លក្ខណៈ​បែប​ធម្មជាតិ និង​ការ​ស្នាក់​នៅ​បែប​ទំនើប ជាមួយ​នឹង​បន្ទប់​ឯកជន លក្ខណៈ​គ្រួសារ ឬ​លក្ខណៈ​គូស្នេហ៍៕