សមាជិកសមាគមឧកញ៉ាកម្ពុជា ទើបបានជាង ២០០នាក់ អ្នកឧកញ៉ា លី យ៉ុងផាត់ អំពាវនាវឱ្យឧកញ៉ាៗចូលរួមបន្ថែម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម​ឧកញ៉ាកម្ពុជា បាន​អំពាវនាវ​ឱ្យ​អ្នកឧកញ៉ា និង​ឧកញ៉ា​ទាំង​អស់​ មេត្តា​ចូល​រួម​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​សមាគមឧកញ៉ា​កម្ពុជា​ ​​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ព្រោះ​​មក​ទល់​ពេល​នេះ សមាគម​ទើប​មាន​សមាជិក​សរុប​​ប្រមាណ​ ២៣៤​រូប​ប៉ុណ្ណោះ ខណៈ​ដែល​ចំនួន​ឧកញ៉ា​នៅ​កម្ពុជា គិត​ត្រឹម​ដើម​​ខែ​មិថុនា ឆ្នាំ២០២៣​នេះ មាន​ចំនួន​រហូត​​​ជិត​ដល់ ១៣០០​នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លី យ៉ុងផាត់ ​​បាន​ថ្លែង​ក្នុង​ពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ​កាល​ពី​ព្រលប់​ថ្ងៃទី១០ ខែមិថុនា ក្រោម​អធិបភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ ថា​​​ គិតត្រឹម​​​ដើម​ខែ​មិថុនា ឆ្នាំ២០២៣ គោរមងារ​អ្នកឧកញ៉ា និង​ឧកញ៉ា នៅ​កម្ពុជា មាន​ចំនួន ១២៩៩រូប ​ដែល​ត្រូវ​បាន​ប្រោស​ព្រះរាជប្រទាន​ដោយ​ព្រះមហាក្សត្រ។

អ្នកឧកញ៉ា ប្រធាន​ក្រុមហ៊ុន L.Y.P Group ​បាន​បន្ត​​យ៉ាង​ដូច្នេះ​ថា៖ “ឆ្លៀតក្នុងឱកាសដ៏ពិសេសវិសាលនេះដែរ ខ្ញុំសូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ ដែលមិនទាន់បាន​ចុះ​ឈ្មោះ​ជាសមាជិក​សមាគម​ឧកញ៉ាកម្ពុជា សូម​គោរព​ចុះឈ្មោះ​ចូលរួម​ជា​សមាជិក ដើម្បី​រួម​គ្នា​លើក​កម្ពស់​ឧត្តម​ភាព​គោរមងារ​ឧកញ៉ា តាម​រយៈ​ការ​ប្រមូល​កម្លាំង​ ធនធាន ប្រាជ្ញា និង​បទពិសោធន៍​ចូលរួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ​ការងារ​មនុស្សធម៌ ​ការ​ជំរុញ​លើក​កម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​ប្រទេស ​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា ​ក្រោម​ម្លប់​សន្តិភាព និង​​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី”។

​​​សមាគម​ឧកញ៉ាកម្ពុជា ​​ត្រូវ​បាន​បង្កើត​ឡើង​ជាផ្លូវការ និង​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ គិត​ត្រឹម​ដើម​ខែ​មិថុនា សមាគម​នេះ​មាន​សមាជិក​សរុប​ប្រមាណ ២៣៤​រូប ​ក្នុង​នោះ ៣២​រូប​ ជាសមាជិក​ស្ថាបនិក និង​មាន​​សមាជិក​ក្រុមប្រឹក្សាភិបាល​ចំនួន ២៥​រូប មាន​អាណត្តិ ៥ឆ្នាំ។ ​​សមាគម​ឧកញ៉ាកម្ពុជា ​​មាន​គណៈកម្មការ​ចំនួន​៤ និង​មាន​អគ្គលេខាធិការដ្ឋាន​មួយ សម្រាប់​បំពេញ​ការងារ​ប្រចាំថ្ងៃ ព្រម​ទាំង​មាន​ឧត្តម​ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និង​ឥស្សរជន​​​​​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន​៤​រូប​ទៀត ជា​អនុប្រធាន​កិត្តិយស៕