កូនប្រុសច្បងឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស មានឈ្មោះថា ចាន់ ចេស្តា (Jesda Chan) បានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅប្រទេសកម្ពុជា និងចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់ថ្នាក់ឧត្តមសិក្សា។
ចេស្តា បានបញ្ចប់ការសិក្សាថ្នាក់ទី១២ ពីសាលាល្បីមួយនៅកម្ពុជាគឺ Singapore Cambodia International Academy – SCIA កាលពីពេលថ្មីៗកន្លងទៅនេះ។ បេសកកម្មបន្ត របស់យុវជនបន្តវេនរូបនេះ នឹងត្រូវសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រទេសអូស្ត្រាលី លើជំនាញគ្រប់គ្រងពាណិជ្ជកម្ម ដែលជាជំនាញមួយ អាចនឹងជួយក្រុមហ៊ុនរបស់ឪពុកខ្លួន ឬអាចក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុនរបស់ឪពុក នាពេលអនាគត។ នេះបើការបញ្ជាក់ពីលោកឧកញ៉ា សួរ វីរៈ ប្រាប់ឧកញ៉ាញូស៍។
លោកឧកញ៉ា សួរ វីរៈ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា៖ “ជូនពរ Jesda ក្នុងដំណើរឆ្ពោះទៅក្រេបយកចំណេះដឹង និងបទពិសោធន៏ថ្មីក្នុងទឹកដីបរទេស ប្រកបដោយសុវត្ថិភាព និងភាពជោគជ័យ។ ហើយបន្តបេសកកម្មជាថ្នាក់ដឹកនាំក្នុងសកម្មភាពចូលរួមអភិវឌ្ឍន៍ក្រុមហ៊ុន ស្តាប័ន និងសង្គម ប្រកបដោយគុណធម៌ សច្ច:ធម៌ និងការទទួលខុសត្រូវខ្ពស់។ We all wish you”។
សូមជម្រាបថា លោកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ដែលបច្ចុប្បន្នបានពង្រីកខ្លួនឡើងដល់ ៨៥១ សាខា នៅទូទាំងប្រទេសកម្ពុជា ថៃ និងវៀតណាម។ លោកឧកញ៉ា ក៏ជាម្ចាស់ រីសត ជាច្រើនកន្លែងទៀតដូចជា៖ កោះស្តេច រីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort), រំដួលគិរីរម្យ រីសត, ឧទ្យានបោះតង់, Sarasea រីសត, Tube រីសត, Sandy Beach Bungglows, Bodega រីសត និង Eden Beach រីសត ផងដែរ៕