ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់លោកជំទាវឧកញ៉ា ទៀង ផល្លា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោកជំទាវឧកញ៉ា ទៀង ផល្លា ជាភរិយារបស់អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
ជានិច្ចជាកាល អ្នកឧកញ៉ា ទាំងពីររូប តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ជាច្រើននៅក្នុងសង្គម។ រួមមាន៖ ចូលរួមចំណែកដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជួយប្រជាពលរដ្ឋទីទ័លលំបាក រួមទាំងចូលរួម សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជានៅខេត្តបាត់ដំបង និងទីស្នាក់ការរបស់សមាគមអតីតទយុទ្ធជនក្នុងខេត្តបាត់ដំបងផងដែរ។
កាយវិការដ៏សប្បុរស នៃវប្បធម៌នៃការចែករំលែកនៅក្នុងសង្គមទាំងអស់នេះ របស់អ្នកឧកញ៉ា ទាំងពីររូបខាងលើ ទើបសម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់លោកជំទាវឧកញ៉ា ទៀង ផល្លា ៕



