លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានស្នើគណៈប្រតិភូនៃសាធារណរដ្ឋឆេក ឱ្យជួយជំរុញនិងលើកទឹកចិត្តវិនិយោគិនឆេក មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានច្រើនឡើងបន្ថែមទៀត ព្រោះបច្ចុប្បន្នទំហំវិនិយោគរបស់ឆេក នៅកម្រិតទាបនៅឡើយ បើធៀបជាមួយប្រទេសជិតខាង។

សំណើរបស់លោកឧកញ៉ា លឹម ហេង ខាងលើនេះ បានធ្វើឡើង ក្នុងឱកាសដែលលោកឧកញ៉ា អញ្ជើញជាតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ឆេក ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។

ថ្លែងក្នុងឱកាសនៃវេទិកានេះ ឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសាធារណរដ្ឋឆេក ដែលដឹកនាំដោយ ឯកឧត្តម យើហ្ស៊ី កូហ្សា (Jiří Kozák ) អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឆេក ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមវេទិកាធុរកិច្ចកម្ពុជា-ឆេក។
វេទិកាធុរកិច្ចនេះ មានគោលបំណងជំរុញធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ លើវិស័យសក្តានុពលនានា ជាពិសេសវិស័យ សុខាភិបាល ដែលក្នុងនោះក្រុមហ៊ុនធំៗរបស់សាធារណរដ្ឋឆេក និងសមាគមអ្នកផលិត និងផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ បានអញ្ជើញចូលរួម និងបង្ហាញចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា។



គួរបញ្ជាក់ថា ក្នុងឱកាសវេទិកាធុរកិច្ចនេះ ក្រុមហ៊ុនធំៗចំនួនបីរបស់ឆេក បានធ្វើបទបង្ហាញអំពីផលិតផលនិងសេវាកម្ម រួមមានក្រុមហ៊ុន៖ LNET (ផលិតគ្រែពេទ្យ), TSE(ឧបករណ៍សម្ភព), និង MZ Liberec (ចែកចាយប្រព័ន្ធឧស្ម័នវេជ្ជសាស្ត្រនិងឧស្សាហកម្ម)។ វេទិកាធុរកិច្ចបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និង បានជជែកពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជា បច្ចុប្បន្នភាពវិស័យនីមួយៗ និង ពិនិត្យលទ្ធភាពសហប្រតិបត្តិការរួម៕