លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី នៅព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ បាននាំយកកាហ្វេ នំស្រួយលីលី និងថវិកាមួយចំនួន ជូនដល់លោកយាយៗ និងកុមារកំព្រា នៅអង្គការសង្គ្រោះជនអស់សង្ឃឹម។

ឧកញ៉ា កែវ មុំ បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកថា ថ្ងៃមុន លោកជំទាវបានយកអំណោយមកចែកជូនអង្គការសង្គ្រោះជនអស់សង្ឃឹម ពេលនោះលោកយាយៗ គាត់ថាចង់ពិសារកាហ្វេ។ ដូច្នេះថ្ងៃនេះ លោកជំទាវឧកញ៉ា បាននាំយកកាហ្វេ និងនំស្រួយលីលី យកមកជូនលោកយាយពិសារ ហើយសំណាងបានជួបលោកយាយ ម៉ារី អិន្ស វ័យ៨៨ឆ្នាំ ដែលគាត់បានមកដល់ប្រទេសកម្ពុជាយើង តាំងពីឆ្នាំ១៩៦១មកម៉្លេះ ហើយមាននិស្ស័យជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរ ទើបគាត់សម្រេចចិត្ត បើកអង្គការជួយដល់ស្ត្រីអស់សង្ឃឹមរហូតមកដល់ពេលនេះ។


អង្គការសង្គ្រោះជនអស់ក្តីសង្ឃឹម ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល រាជធានីភ្នំពេញ ជាអង្គការមួយបង្កើតឡើងក្នុងគោលបំណងជួយដល់កុមារកំព្រា សិស្ស និស្សិត កម្មករ អ្នកផ្ទុកមេរោគអេដស៍ និងស្ត្រីចាស់ជរាគ្មានទីពឹង រស់នៅឯកាអស់សង្ឃឹម ដើម្បីឱ្យពួកគេទទួលបាននូវការរស់រាន ការថែទាំទាំងសុខភាព ការអប់រំ និងឱកាសជាច្រើន ដូចជនទូទៅនៅក្នុងសង្គមជាតិ៕