រថយន្តម៉ាក Lexus 470 ស៊េរីឆ្នាំចាស់មួយគ្រឿង ដែលនៅជាមួយ អ្នកឧកញ៉ា សៀង ណាំ អស់រយៈពេល ១៨ឆ្នាំមកហើយ បានជួបបញ្ហាធ្វើទុក្ខកណ្តាលផ្លូវ អំឡុងពេលដែលអ្នកឧកញ៉ា សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួនពីរឃុំ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

អ្នកឧកញ៉ា សៀង ណាំ ប្រធានក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់ បានលើកឡើងថា ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ាបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងឃុំសែនសុខ និងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ អ្នកឧកញ៉ាបណ្ឌិត បានបន្តយ៉ាងដូច្នេះថា៖ “សម្លាញ់ខ្ញុំ ៤៧០ នៅជាមួយខ្ញុំអស់រយៈពេល ១៨ឆ្នាំហើយ ព្រឹកនេះបែបវាហត់ហើយមើលទៅ បានវាមិនចង់ដឹកខ្ញុំទៅមុខទៀត”។
ទោះយ៉ាងណា ក្រុមការងារអ្នកឧកញ៉ា សៀង ណាំ បានជួយឱ្យរថយន្តអាចដំណើរការ និងអាចបន្តដំណើរទៅកាន់គោលដៅប្រកបដោយសុខសុវត្ថិភាព។



សូមជម្រាបថា អ្នកឧកញ៉ា សៀង ណាំ ជាអ្នកជំនួញជើងចាស់ដ៏ឆ្នើមមួយរូប ហើយក៏ជាស្តេចត្រាញ់ ដែលបាននិងកំពុងវិនិយោគក្នុងខេត្តសៀមរាប ជាច្រើនគម្រោង លើវិស័យអចលនទ្រព្យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច។ អ្នកឧកញ៉ា ជាម្ចាស់សណ្ឋាគារស៊ីធីអង្គរ ដ៏ស្កឹមស្កៃនៅកណ្ដាលក្រុងសៀមរាប និងជាម្ចាស់ បុរី សៀងណាំ ជាច្រើនទីតាំងផងដែរ៕