សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ដែលមានលោកជំទាវឧកញ៉ា កែវ មុំ ជាប្រធាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុនឧត្តុង្គអ៊ិចប្រេស និងក្រុមហ៊ុនអចលនទ្រព្យស៊ី៧។

លោកជំទាវឧកញ៉ា កែវ មុំ បានឱ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នារវាង សមាគមសហគ្រិនស្ត្រីកម្ពុជា ជាមួយនឹងក្រុមហ៊ុនទាំងពីរខាងលើនេះ គឺក្នុងគោលបំណងផ្ដល់សេវាកម្មគ្នាទៅវិញទៅមក ដូចជា ក្រុមហ៊ុនឧត្តុង្គអ៊ិចប្រេសនឹងផ្ដល់រថយន្ត១គ្រឿង សម្រាប់ដឹកជញ្ជូនសមាជិកសមាគមសហគ្រិនស្ត្រី ទៅតាមបណ្តាខេត្ត ក្នុងមួយខែម្ដង ដោយឥតគិតថ្លៃ។ ចំណែកឯក្រុមហ៊ុនអចលទ្រព្យស៊ី៧ នឹងមានការបញ្ចុះតម្លៃ សម្រាប់សមាជិកសមាគមសហគ្រិនស្ត្រី ដែលមានបំណងចង់ទិញអចលទ្រព្យពីក្រុមហ៊ុនស៊ី៧។

គួរបញ្ជាក់ថា លោកជំទាវឧកញ៉ា កែវ មុំ ជារឿយៗតែងតែដឹកនាំសមាគមសហគ្រិនស្ត្រីកម្ពុជា ធ្វើការចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងស្ថាប័នជាតិ អន្តរជាតិ និងក្រុមហ៊ុនជាច្រើនទៀត ក្នុងគោលបំណងដើម្បីពង្រឹងបេសកកម្មរបស់សមាគម និងដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ជាពិសេស គឺបានរួមចំណែកដល់ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលមានប្រមាណ ៦៥% បង្កើតឡើងដោយស្រ្តី និង ៩៩% ត្រូវបានគ្រប់គ្រងដោយស្ត្រី។

សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ជាអង្គការសមាជិកមួយ ដែលបានបង្កើតឡើង នៅក្នុងឆ្នាំ២០១១ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ធនាគារពិភពលោក និងសហគ្រិនស្ត្រីកម្ពុជាចំនួន ១៤រូប។ សមាគមសហគ្រិនស្ត្រីកម្ពុជា មានគោលបំណងជួយគាំទ្រឱ្យស្ត្រីមានការរីកចម្រើនផ្នែកធុរកិច្ច តាមរយៈការផ្តល់ឱ្យស្ត្រីនូវវេទិកាធុរកិច្ច និងឱកាសរៀបចំបង្កើតបណ្តាញស្ត្រីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសហគ្រិនភាព សម្រាប់ស្ត្រីក្នុងប្រទេសកម្ពុជាផងដែរ៕