ឧកញ៉ា ស្រ៊ាត មុំសុភា ប្រាប់គន្លឹះត្រូវធ្វើបែបណា ដើម្បីឱ្យកាន់តែមាន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស្រ៊ាត មុំសុភា អគ្គនាយិកា​ក្រុមហ៊ុន​ SOPHIYA Travel & Tours ​​យល់​ឃើញ​ថា ​​​​ដើម្បី​បង្កើន​ភាព​មាន​បាន ឬ​អ្នកមាន​ហើយ តែ​ចង់​ឱ្យ​​កាន់​តែ​​មាន​ទៀត គឺ​​​​បុគ្គល​នោះ​ ត្រូវ​តែ​មាន​ចិត្ត​ចេះ​ចែក​រំលែក និង​ចេះ​បត់បែន​តាមទំនោរ​ទីផ្សារ​​នា​ពេល​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ឧកញ៉ា ស៊្រាត មុំសុភា ​​បាន​លើក​ឡើង​ក្នុង​វេទិកា​មួយ​​ថា ​មិនមែន​​បុគ្គល​គ្រប់​គ្នា​ មានហើយ សុទ្ធ​តែ​​ចង់​មាន​ថែម​ទៀត​នោះ​ទេ បុគ្គល​ខ្លះ​ក៏​​មាន​ភាព​​គ្រប់គ្រាន់​ដែរ មានន័យ​ថា​មហិច្ឆតា​របស់​គាត់​មាន​ដែន​កំណត់។ ទោះ​យ៉ាងណា សម្រាប់​​​អ្នកស្រី ​​យល់​ឃើញ​ថា​​បុគ្គល​ជា​អ្នក​មាន មិនត្រឹម​មាន​តែ​ទ្រព្យ​សម្បត្តិ​ទេ តែ​ត្រូវ​​មាន​ចិត្ត​ល្អ មាន​ការ​ចែក​រំលែក និង​មាន​អត្តចរិក​ល្អ​ថែម​ទៀត ទើប​ជា​អ្នកមានពិត​ប្រាកដ។ ចំណុច​នេះ​ អ្នកស្រី​​ឱ្យ​តម្លៃ​លើ​ការ​ចែក​រំលែក​ត្រឡប់​ទៅ​វិញ នៅ​ពេល​ដែល​យើង​ជាបុគ្គល​មួយ ដែល​មាន​អត្តចរិក​បែប​ការ​ចែក​រំលែក​ទៅ​វិញ ក្រៅ​ពី​ក្លាយ​ជា​បុគ្គល​គម្រូ​សម្រាប់​អ្នក​ដទៃ​ហើយ យើង​ខ្លួន​ឯង​ក៏​នៅ​តែ​អាច​មាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​វិនិយោគ​លើ​រឿង​អ្វី​មួយ​ទៀត។ ​កាល​ណា យើង​ជា​បុគ្គល​ដែល​គេ​ស្រឡាញ់ គេ​ចូលចិត្ត ​ពេល​មាន​អ្វី គេ​តែង​តែ​នឹក​ឃើញ​យើង​មុន​គេ​​មិន​ខាន។

អគ្គនាយិកា​រូប​នេះ បាន​បន្ថែម​​ដូច្នេះ​ទៀត​ថា៖ “ការ​ចែក​រំលែក​ទៀត ក៏​​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​បាត់បង់​ឱកាស ឬ​ក៏​អត់​ឱកាស​តែ​ម្តង ​ហើយ​ត្រូវ​ជឿ​ថា​ យើង​មិន​រស់​នៅ​តែ​ម្នាក់​ឯង​នោះ​ទេ។ ​បើ​សិន​ជា​យើង​អាច​ក្លាយ​ជា​អ្នកមាន ​​កាន់​តែ​មាន​ថែម​ទៀត​ នោះ​គឺ​ទឹកចិត្ត​ស្មោះ​ស និង​ភក្តីភាព​នៃ​ការ​ចែក​រំលែក មិន​ចេះ​សាបសូន្យ​នោះ​ទេ ​​ទោះ​កាលៈទេសៈ​ណា​ក៏​ដោយ។ បន្ថែម​​ពី​នេះ ភាព​បត់​បែន​របស់​យើង គឺ​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ថា តើ​គួរ​តែ​បន្ថែម​ទៅ​លើ​ការ​វិនិយោគ​ណា​មួយ​ ដែល​វៃឆ្លាត? ហើយ​យើង​ត្រូវ​មើល​លើ​ទីផ្សារ តើ​បច្ចុប្បន្ន​នេះ​គេ​ដើរ​ដល់​ណា​ហើយ? ឧទាហរណ៍ ដូច​ទីផ្សារ​បច្ចេកវិទ្យា ជា​តម្រូវ​ការ​មួយ។ ដូច្នេះ​ភាព​ចេះបត់បែន ក៏​អាច​ជួយ​ឱ្យ​យើង​កាន់​តែ​មាន និង​រក្សា​ភាព​មាន​បាន”។

សូម​ជម្រាប​ថា អ្នកស្រី ស៊្រាត មុំសុភា ​ជា​អ្នកជំនួញ​លេចធ្លោ​ម្នាក់ ដែល​បាន​ក្តោប​ក្តាប់​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ។ អ្នកស្រីចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ សុហ្វីយ៉ា នៅ​ឆ្នាំ​២០០៥ ​រហូត​កាន់​តែ​រីកចម្រើន និង​បាន​ពង្រីក​អាជីវកម្ម​បើក​ហាងស្បារ​ជា​ច្រើន​កន្លែង​ទៀត នៅ​រាជធានីភ្នំពេញ។ អ្នកស្រី ស៊្រាត មុំសុភា ទីប្រឹក្សា ក្រុមប្រឹក្សាភិបាល​នៃបណ្តាញសហគ្រិនស្ត្រីកម្ពុជា ទទួល​បាន​គោរមងារ «ឧកញ៉ា» ពី​ព្រះមហាក្សត្រ កាលឆ្នាំ២០១៤៕