អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ទទួលការបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ពីសម្តេចតេជោ ហ៊ុន សែន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី សហគ្រិនវ័យក្មេងដ៏មានសក្តានុពល និង​ភរិយា អ្នកឧកញ៉ា ទៀង ផល្លា ត្រូវបាន​ព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់​បំផុត​ តបនឹងកិច្ចប្រឹងប្រែង ក្នុងសកម្មភាពកសាងសង្គមជាតិ និង​ត្រូវ​បាន​បំពាក់​ដោយ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​​កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបំពាក់​គ្រឿងឥស្សរិយយស «ជាតូបការ» ជូន​អ្នកឧកញ៉ា​ទាំង​ពីរ​រូប​ខាង​លើ​នេះ គឺ​​ក្នុង​ឱកាស​ដែល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ចន្ទ។ ជាមួយ​គ្នា​នោះ សម្ដេចតេជោ ​ក៏បាន​បំពាក់មេដាយ និងគ្រឿងឥស្សរិយ​យស ជូនដល់មន្ត្រីមានស្នាដៃមួយចំនួន​ទៀត​ ដែលបានរួមចំណែកក្នុងការសាងសង់​រោងចក្រប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់ខែងជំហានទី១ ផងដែរ។

​សូម​ជម្រាប​ថា អតីតអ្នកបួស ម៉ម វណ្ណឌី ​​​ត្រូវ​បាន​ព្រះមហាក្សត្រ​ ត្រាស់​បង្គាប់​ផ្តល់​គោរមងារ «ឧកញ៉ា» ​​កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ និង​​គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ​​​ត្រូវ​បាន​ព្រះមហាក្សត្រ​ ​ត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈ ជា «ទីប្រឹក្សាគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ» មានឋានៈស្មើ «រដ្ឋមន្ត្រី» ​កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ខណៈ​ដែល​ឧត្តម​ភរិយា​របស់​លោក គឺ​ឧកញ៉ា​ ទៀង ផល្លា ក៏​ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ «អ្នកឧកញ៉ា» ​​កាល​ពី​​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ៕