អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត តបនឹងកិច្ចប្រឹងប្រែង ក្នុងសកម្មភាពកសាងសង្គមជាតិ និងត្រូវបានបំពាក់ដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ការទទួលបានការបំពាក់មេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់ខាងលើនេះ គឺធ្វើឡើងក្នុងឱកាសពិធីបុណ្យសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលជាច្រើន នៅវត្តស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជានិច្ចកាល តែងតែចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ដូចជា ការចែកអំណោយដល់ជនក្រីក្រ ការជួយសាងសង់សាលារៀន វត្តអារ៉ាម ជាពិសេសគឺលោកបានជួយយ៉ាងច្រើនលើវិស័យអប់រំនៅកម្ពុជា។

សូមជម្រាបថា អ្នកឧកញ៉ា គួច ម៉េងលី ម្ចាស់សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) ត្រូវបានព្រះមហាក្សត្រប្រទានគោរមងារ «ឧកញ៉ា» តាំងពីឆ្នាំ២០០៩ និងទទួលបានគោរមងារ «អ្នកឧកញ៉ា» នៅក្នុងឆ្នាំ២០២១។ បន្ថែមពីនេះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អ្នកឧកញ៉ា ត្រូវបានសម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីប្រកាសនីយប័ត្រ ផ្តល់គោរម្យ៍ងារអ្នកឧកញ៉ាជា «បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍»៕