អគ្គនាយិការងនៃក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន PTC Computer លោកស្រី តាំង វួចឡាយ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រក/ត០៦២៣/១២៥៣។
ព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ាជូនដល់លោកស្រី តាំង វួចឡាយ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
មានតួនាទីជាអគ្គនាយិការង លោកស្រី តាំង វួចឡាយ គឺជាសហគ្រិននៅពីក្រោយភាពជោគជ័យនៃមុខជំនួញក្រុមហ៊ុន PTC Computer ដែលមានស្វាមីលោកស្រីជាដឹកនាំដោយផ្ទាល់ គឺឧកញ៉ា អ៊ឹង សែ អគ្គនាយកក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ ជាដៃស្តាំអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងការកាន់តួនាទីជាហិរញ្ញឹកនៃសភាពាណិជ្ជកម្ម។
លោកស្រីត្រូវបានមនុស្សទូទៅស្គាល់ថា ជាស្រ្តីវ័យក្មេងដ៏កម្រដែលមានសមត្ថភាពខាងផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដែលឈរជើងក្នុងពិភពជំនួញនៅប្រទេសកម្ពុជាជាង ២ទស្សវត្សរ៍។ លោកស្រីបានចូលរួមត្រួសត្រាយផ្លូវសម្រាប់វិស័យច្ចេកវិទ្យា ព័ត៌មានវិទ្យានៅកម្ពុជា ខណៈដែលនៅប៉ុន្មានឆ្នាំចុងក្រោយនេះបច្ចេកវិទ្យា ព័ត៌មានវិទ្យាបានដើរតួនាទីសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ក្រុមហ៊ុន និយាយជារួម និយាយដោយឡែក កុំព្យុទ័រ ក៏បានចូលរួមចំណែកយ៉ាងធំធេងសម្រាប់ដំណើរអាជីវកម្ម។
លោកស្រី តាំង វួចឡាយ បានចូលរួមដឹកនាំ និងកាច់ចង្កួតដោយផ្ទាល់ទៅលើក្រុមហ៊ុន ភីធីស៊ី ជាមួយស្វាមីលោកស្រី ខណៈពេលបច្ចុប្បន្នក៏កំពុងកាក់កប់ជាមួយក្រុមហ៊ុន Rose Plastics ដែលដើរតួជាចំបងក្នុងវិស័យឧស្សាហកម្មនៃការផលិតទុយោទឹកស្អាតនៅកម្ពុជា។
ភាពជោគជ័យយ៉ាងសម្រើមរបស់ក្រុមហ៊ុន ភីធីស៊ី ក៏មិនអាចមើលរំលងបានឡើយនៅសហគ្រិនដ៏ចំណាន ហើយប៉ិនប្រសព្វក្នុងការជួយជ្រុមជ្រែងនាំភាពជោគជ័ដ៏អស្ចារ្យ គឺលោកស្រី តាំង វួចឡាយ៕