ជាឱកាសមួយដ៏ល្អសម្រាប់អ្នកឧកញ៉ា ឧកញ៉ា វិនិយោគិន ឬអាជីវករទាំងអស់ ប្រសិនបើចង់វិនិយោគនៅខេត្តព្រះសីហនុ គឺពុំចាំបាច់ទៅសុំសិទ្ធិវិនិយោគដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទៀតនោះទេ ចំពោះការវិនិយោគ ដែលមានដើមទុនក្រោម ៥លានដុល្លាអាមេរិក ដោយគ្រាន់តែស្នើសុំទៅអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ គឺក្រុមការងារនឹងផ្តល់ភាពងាយស្រួលផ្នែករដ្ឋបាលសម្រាប់អ្នកវិនិយោគគ្រប់រូប។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណ ឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដែលបានរួមចំណែកធ្វើឱ្យខេត្តរីកចម្រើន។ លោកអភិបាលបន្តថា ចាប់ពីខែកញ្ញាតទៅ ត្រូវធ្វើសិក្ខាសាលាផ្សព្វផ្សាយជូនដល់អ្នកវិនិយោគជាតិ អន្តរជាតិនៅខេត្តព្រះសីហនុ ព្រោះជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគ ប្រសិនបើចង់វិនិយោគនៅខេត្តព្រះសីហនុ មិនចាំបាច់ទៅសុំសិទ្ធិវិនិយោគនៅ CDC នោះទេ ចំពោះការវិនិយោគមានដើមទុនក្រោម ៥លានដុល្លាអាមេរិក គឺគ្រាន់តែស្នើសុំទៅអនុគណៈកម្មការវិនិយោគខេត្ត នោះក្រុមការងារនឹងផ្តល់ភាពងាយស្រួលផ្នែករដ្ឋបាល សម្រាប់អ្នកវិនិយោគនៅខេត្តព្រះសីហនុ។

លោកអភិបាលខេត្ត បានបន្ថែមយ៉ាងដូច្នេះថា៖ “យើងគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ ផ្តល់ភាពងាយស្រួលដល់បងប្អូនអាជីវករ ពាណិជ្ជកររបស់យើងរួមចំណែកដល់ការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរថែមទៀត សង្ឃឹមថា ពាណិជ្ជករនិងអុ្នកវិនិយោគបានស្វែងយល់បញ្ហានេះកាន់តែច្បាស់ និងមានទំនុកចិត្តឈានទៅរកជោគជ័យសម្រាប់យើងទាំងអស់គ្នា”។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ខេត្តព្រះសីហនុ មកដល់ពេលនេះ នៅតែជាគោលដៅចាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់អ្នកវិនិយោគ ដោយសាររាជរដ្ឋាភិបាលបានរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមការគាំទ្របច្ចេកទេសពីវិទ្យាស្ថាន ស៊ិនជិន (ប្រទេសចិន) ឈានស្ទើរទៅបញ្ចប់ការរៀបចំផែនការមេហើយ នៅតែរង់ចាំតែការសម្រិតសម្រាំង ពិនិត្យសម្រេចចុងក្រោយ និងសុំការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីដាក់ឱ្យប្រើប្រាស់ផែនការមេ ជាត្រីវិស័យដ៏សំខាន់ សម្រាប់ចង្អុលទិសអភិវឌ្ឍ៕


