អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញលិខិតជូនដំណឹងមួយ ក្នុងគោលបំណងប្រកាសផ្តល់ «ឯកសណ្ឋានគោរមងារ ឧកញ៉ា» ជូនដល់ អ្នកឧកញ៉ា ឧកញ៉ា មួយឈុតម្នាក់ ដោយមិនគិតកម្រៃ សម្រាប់សមាជិក-សមាជិកាពេញសិទ្ធិទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា ក្នុងកម្មវត្ថុប្រើប្រាស់ចាំបាច់នានា។

ទទឹមនឹងនោះ ក្នុងលិខិតខាងលើ ក៏បានឱ្យដឹងបន្ថែមទៀតថា សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំកម្មវិធីជួបជុំសមាជិក-សមាជិកាពេញសិទ្ធិទាំងអស់ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលសមស្របខាងមុខនេះ ដើម្បីលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ស្របតាមខ្លឹមសារដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ បានចុះហត្ថលេខាព្រមព្រៀងគ្នា នាពេលថ្មីៗកន្លងមក។

គួររំឭកថា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យសមាគមឧកញ៉ាកម្ពុជា ត្រូវមានឯកសណ្ឋានសម្រាប់អ្នកឧកញ៉ា ឧកញ៉ា ផ្លូវការមួយ សម្រាប់ការចូលរួមក្នុងពិធីចាំបាច់មួយចំនួន។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា លី យ៉ុងផាត់ តំណាងសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា នេះជាការបោះជំហ៊ានដ៏សំខាន់ថ្មីមួយទៀត លើភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ដែលជាក្បាលម៉ាស៊ីននៃកំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ គិតត្រឹមដើមខែមិថុនា សមាគមនេះមានសមាជិកសរុបប្រមាណ ២៣៤រូប ក្នុងនោះ ៣២រូប ជាសមាជិកស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាល ដោយមានអាណត្តិ ៥ឆ្នាំ។ សមាគមឧកញ៉ាកម្ពុជា មានគណៈកម្មការចំនួន៤ និងមានអគ្គលេខាធិការដ្ឋានមួយ សម្រាប់បំពេញការងារប្រចាំថ្ងៃ ព្រមទាំងមានឧត្តមក្រុមប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងឥស្សរជននៃរាជរដ្ឋាភិបាលកម្ពុជា ចំនួន៤រូបទៀត ជាអនុប្រធានកិត្តិយស៕