អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាម្ចាស់សណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានយល់ព្រមបញ្ចុះតម្លៃសំបុត្រ ចូលអាងហែលទឹក (សណ្ឋាគារភ្នំពេញ) ចំនួន ៥០% សម្រាប់មន្ត្រីក្រសួងព័ត៌មាន និងកូនៗ។

ចំណារឯកភាពរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ គឺបានធ្វើឡើង បន្ទាប់ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើលិខិតសំណើ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សុំបញ្ចុះតម្លៃសំបុត្រ ៥០%។ ក្នុងលិខិតស្នើរបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រសួងព័ត៌មាន បានបង្កើតកម្មវិធីបង្ហាត់ហែលទឹកជូនមន្ត្រីក្រសួង និងកូនៗ ដើម្បីជៀសវាងគ្រោះថ្នាក់ ដោយសារការលង់ទឹក ក៏ដូចជាបណ្តុះបណ្តាលយុវពលករសម្រាប់កីឡាហែលទឹក។ ម្យ៉ាងទៀត សម្រាប់ជួយសម្រួលដល់ពួកគាត់ក្នុងការកាត់បន្ថយចំណាយ។


សូមជម្រាបថា អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group ជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅកម្ពុជា ដែលក្ដោបក្ដាប់អាណាចក្រជំនួញធំៗជាពហុវិស័យ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ា មានអាជីវកម្មធំៗជាង ១០ប្រភេទនៅរាជធានីភ្នំពេញ ក្នុងនោះរួមទាំងសណ្ឋាគារភ្នំពេញ ផងដែរ។ សណ្ឋាគារភ្នំពេញ បានបើកដំណើរការ នៅឆ្នាំ២០០៣ មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ លើដីឡូត៍លេខ៥៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ និងស្ថិតនៅជិតក្រសួងព័ត៌មាន៕