ឧកញ៉ា ព្រហ្ម ចន្ធូ និងស្វាមី ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស ថ្នាក់មហាសេនា និងថ្នាក់មហាសិរីវឌ្ឍន៍ និងត្រូវបានបំពាក់ដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី) ស្ថិតក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ការទទួលបានការបំពាក់មេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់ខាងលើនេះ ឧកញ៉ា ព្រហ្ម ចន្ធូ បានទទួលការបំពាក់មេដាយ ថ្នាក់មហាសេនា ខណៈដែលស្វាមីលោកស្រី គឺលោកឧត្តមសេនីយ៍ត្រី សុខ វិរិទ្ធ បានទទួលមេដាយ ថ្នាក់មហាសិរីវឌ្ឍន៍។
ឧកញ៉ា ព្រហ្ម ចន្ធូ ប្រធានក្រុមហ៊ុនដឹកជញ្ជូន ម៉ីង លាំង ខូ អិលធីឌី (Ming Liang Co., Ltd) ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងបំពេញបែបបទគយ (Customs Clearance) និងស្វាមី ជានិច្ចកាល តែងតែចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ដូចជា ការចែកអំណោយដល់ជនក្រីក្រ ការជួយសាងសង់សាលារៀន និងវត្តអារ៉ាម ជាដើម។ លោកស្រី ព្រហ្ម ចន្ធូ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕