លោកជំទាវ គឹម ក្លាលីតា ម៉េនកានី ភរិយារបស់លោកឧកញ៉ា ម៉េន កានី ម្ចាស់គម្រោង បុរី GM ផ្លូវ 51 ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសិរីវឌ្ឍន៍ និងត្រូវបានបំពាក់ដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី) ស្ថិតក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ក្រោយទទួលបានការបំពាក់មេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់ខាងលើនេះ លោកជំទាវ គឹម ក្លាលីតា ម៉េនកានី បានបង្ហាញសារថ្លែងអំណរគុណលើទំព័រហ្វេសប៊ុក កាលពីថ្ងៃចន្ទ យ៉ាងដូច្នេះថា៖ “កូនសូម លំឱនកាយគោរពអរគុណអ្នកម៉ែ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្ងៃនេះកូនពិតជាមានមហាកិត្តិយសខ្លាំងណាស់ ដែលបានសម្តេចម៉ែ បំពាក់គ្រឿងឥស្សរិយយស ដល់រូបកូន និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅលើទឹកដីនៃខេត្តស្វាយរៀង”។

“នៅក្នុងឱកាសដ៏ថ្លៃថ្លាបំផុតនេះ កូនសូមគោរព អគុណនិងជូនពរដ៏ខ្ពង់ខ្ពស់ ជូនចំពោះសម្ដេចម៉ែ មានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ជោគជ័យគ្រប់ភារៈកិច្ចទាំងអស់ សូមសម្ដេចម៉ែជួបនូវ ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរពស្រលាញ់ពីកូននិងស្វាមី”។ លោកជំទាវ គឹម ក្លាលីតា ម៉េនកានី បានបន្ថែម។


គួរបញ្ជាក់ថា លោកឧកញ៉ា ម៉េន កានី អគ្គនាយកក្រុមហ៊ុន GM TRADING CO.LTD និងជាស្ថាបនិកគម្រោង បុរី GM ផ្លូវ 51 និងលោកជំទាវ គឹម ក្លាលីតា ម៉េនកានី ជាសប្បុរជន ក្នុងចំណោម អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរជនផ្សេងៗទៀត ដែលតែងតែចេញមុខ ចំណាយធនធាន ថវិកា ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជួយដល់ប្រជាពលរដ្ឋរងការខ្វះខាតក្នុងសង្គម និងជួយកសាងសមិទ្ធផលនានា តាមវត្តអារ៉ាមជាហូរហែ៕