ឧកញ៉ា លឹម ហេង៖ ការបង្កើតតុលាការពាណិជ្ជកម្ម ជាឈ្នាន់មួយទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា ​​យល់​ឃើញ​ថា​ ​បើ​កម្ពុជា​អាច​បង្កើត​ឱ្យ​មាន​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​​នោះ​នឹង​​​ក្លាយ​ជា​ឈ្នាន់​មួយ​ទៀត ក្នុង​ការ​ទាក់ទាញ​អ្នកវិនិយោគ​ទាំង​ក្នុង​ស្រុក និង​​ក្រៅ​ស្រុក​ ឱ្យ​មក​បណ្តាក់​ទុក​នៅ​កម្ពុជា​កាន់​តែ​ច្រើន ​​ព្រោះ​ពួកគេ​កាន់​តែ​មាន​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​ច្បាប់​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាល​ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាស​ដែល​អញ្ជើញចូលរួមជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​​អគារសាលាយុត្តិធម្ម បានថ្លែងជំរុញឱ្យពន្លឿននូវ​ការរៀបចំ​តុលាការពាណិជ្ជកម្ម ដើម្បីសម្រួល​ដំណើរការ​វិនិយោគ​​ឱ្យកាន់តែប្រសើរ។ ជាមួយ​គ្នា​នោះ សម្តេច​បានចាត់​ឱ្យ​ ក្រសួង​យុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់​ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ​ដើម្បីពន្លឿន​ដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ​ប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿ​ទុកចិត្ត​លើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

លោកឧកញ៉ា លឹម ហេង ក្នុងនាមសភាពាណិជ្ជកម្ម និងវិស័យឯកជន សូមអបអរសាទរ និង​សូម​ស្វាគមន៍​នូវ​ការ​ជំរុញ​​ឱ្យ​កើត​នូវ​តុលាការ​ពាណិជ្ជកម្ម​នេះ​ឡើង។ លោក​ឧកញ៉ា បន្ត​ថា​ កន្លង​មក​យើង​មាន​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​ ដូចជា​ទំនាស់​ផល​ប្រយោជន៍ ឬ​ការ​ជួញ​ដូរ​​ គែ​តែង​ដោះស្រាយ​នៅ​តុលាការ​ទូទៅ​ រួម​ទាំង​វិវាទ​ការងារ​ផង​ដែរ។ ការ​បង្កើត​​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ ​នឹង​ផ្តល់​​ផល​ប្រយោជន៍​ដល់​អ្នកវិនិយោគ​ ទាំង​ក្នុង​ស្រុក និង​បរទេស ដែល​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​មាន​ជំនឿ​ទុកចិត្ត​​លើ​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា​បន្ថែម​ទៀត។ កន្លង​មក ពេល​មាន​វិវាទ​ទាំង​អស់​នេះ យើង​តែង​ដោះស្រាយ​នៅ​តុលាការ​ស៊ីវិល​ទូទៅ ​ឃើញ​ថា​​ត្រូវ​ចំណាយ​​ថវិកា និង​ពេលវេលា​យូរ។ កន្លង​មក​សភាពាណិជ្ជកម្ម ក៏​មាន​ក្រុមការងារ​ធ្វើការជាមួយ​ក្រសួង​យុត្តិធម៌ ក្នុង​រយៈពេល​ជាង ២​ឆ្នាំ​ហើយ ដើម្បី​ជំរុញ​ឱ្យ​កើត​មាន​តុលាការ​ពាណិជ្ជកម្ម​ឡើង ក្នុង​នោះ​​ក៏​បាន​​ឯកភាព​គ្នា​ ធ្វើ​យ៉ាង​ណា​រៀបចំ​នីតិវិធី​​ឱ្យ​បាន​ល្អ ក្នុង​ការ​កាត់ក្តី​ ​ដោយ​កាត់ក្តី​ឱ្យ​បាន​លឿន តម្លាភាព​ យុត្តិធម៌ ហើយ​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។

លោក​ឧកញ៉ា បាន​​ឱ្យ​ដឹង​បន្ថែម​ថា ក្រុមការងារ​សភាពាណិជ្ជកម្ម ក៏​បាន​ចូល​រួម​ក្នុង​ការ​រៀបចំ​​តុលាការ​ពាណិជ្ជកម្ម​នេះ តាំង​ពី​ទើប​ផ្ទុះ​កូវីដ-១៩​ឡើង និង​ប្រជុំ​តាម​អនឡាញ​ផង ប្រជុំ​ផ្ទាល់​ផង ជាមួយ​គ្នា​នេះ​ តាម​នីតិវិធី​ច្បាប់​ ប្រហែល​ជា​នឹង​មាន​ទីប្រឹក្សា​ពាណិជ្ជកម្ម​ ដូច្នេះ​ក៏​ត្រូវ​ការ​សមាសភាព​ពី​សភាពាណិជ្ជកម្ម ដើម្បី​ចូល​រួម​ដោះស្រាយ​​កាត់ក្តី​ក្នុង​រឿង​វិវាទ​នីមួយៗ​ផង​ដែរ។

លោក​ឧកញ៉ា លឹម ហេង បាន​បញ្ជាក់​​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖ “សព្វថ្ងៃ ទោះ​យើង​មិន​ទាន់​មាន​តុលាការ​ពាណិជ្ជកម្ម​ពិតមែន តែ​យើង​ឃើញ​ថា អ្នកវិនិយោគ​ក្នុង​ស្រុក និង​បរទេស មាន​កំណើន​ជា​រៀង​រាល់​ឆ្នាំ ហើយ​កំណើន​សេដ្ឋកិច្ច​យើង​ក៏​ល្អ​ប្រសើរ ដោយសារ​សន្តិភាព សុខ​សុវត្ថិភាព និង​ស្ថេរភាព​នយោបាយ។ បើ​យើង​មាន​តុលាការ​ពាណិជ្ជកម្ម​​ទៀត នឹង​ក្លាយ​ជា​ឈ្នាន់​មួយ​ទៀត ដែល​ធ្វើ​ឱ្យ​អ្នកវិនិយោគ​កាន់​តែ​មាន​ទំនុក​ចិត្ត ដើម្បី​មក​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា ដោយ​គ្មាន​ហានិភ័យ។ សម្រាប់​អ្នកវិនិយោគ​ មិន​ថា​ក្នុង​ស្រុកឬ​បរទេស​ទេ តែង​ចង់​បាន​ប្រព័ន្ធ​ច្បាប់​មួយ​គ្រប់គ្រង​ដោយ​ប្រសិទ្ធភាព ដោយ​តម្លាភាព​ ដោយ​យុត្តិធម៌ បើសិន​ជា​មាន​វិវាទ​កើត​ឡើង ដែល​ជា​ទំនុក​ចិត្ត​សម្រាប់​អ្នក​រកស៊ី”។

គួរ​បញ្ជាក់​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​បច្ចុប្បន្ន​ បាន​បែងចែក​តុលាការ​ជា​៣ថ្នាក់ រួមមាន ​សាលាដំបូង​រាជធានី-ខេត្ត ​សាលាឧទ្ធរណ៍ (តាម​តំបន់ឬ​ភូមិភាគ) និង​តុលាការ​កំពូល។ តុលាការ​ទាំង​៣​ថ្នាក់​នេះ មាន​អំណាច​ជំរះ​ក្តី​​​គ្រប​ដណ្តប់​ទៅ​លើ​​គ្រប់​រឿង​ក្តី​ទាំង​អស់ រួម​ទាំង​រឿង​ក្តី​រដ្ឋបាល វិវាទពាណិជ្ជកម្ម និង​វិវាទការងារ ផងដែរ៕

​​