លោកជំទាវឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា (World International School Cambodia) និងស្វាមី គឺលោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរងកងពលតូចលេខ៧០ បានឧបត្ថម្ភបង្គោលនិងអំពូលសូឡា ចំនួន ១០០ឈុត ដល់សាលាក្រុងអរិយក្សត្រ។ នេះបើតាមការបង្ហាញឱ្យដឹងពីរដ្ឋបាលក្រុងអរិយក្សត្រ នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

ការចូលរួមឧបត្ថម្ភបង្គោល និងអំពូលសូឡាខាងលើ របស់លោកជំទាវឧកញ៉ា សាយ សោភា និងស្វាមីនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់រដ្ឋបាលក្រុងអរិយក្សត្រ ដើម្បីយកទៅចាត់ចែង និងប្រើប្រាស់តាមតម្រូវការផ្សេងៗ។ ជាពិសេស រដ្ឋបាលក្រុងដែលទើបនឹងបង្កើតថ្មី នៃខេត្តកណ្តាល មួយនេះ ក៏កំពុងមានតម្រូវការជាចាំបាច់ ក្នុងការបំពាក់អំពូលភ្លើងសូឡា នៅតាមដងផ្លូវសាធារណៈមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋ មានភាពងាយស្រួលធ្វើដំណើរពេលយប់ព្រលប់។

រដ្ឋបាលក្រុងអរិយក្សត្រ បានប្រកាសបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការនូវរដ្ឋបាលក្រុងថ្មីនេះ កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមទាំងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលក្រុងអរិយក្សត្រផងដែរ។
គួរបញ្ជាក់ថា លោកជំទាវ សាយ សោភា ក្រៅពីមានតួនាទីជាអគ្គនាយិកា សាលាអន្តរជាតិវើលដ៏ កម្ពុជា លោកជំទាវ ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជាផងដែរ។ លោកជំទាវ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២៕