អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញទៅចូលរួមពិធីអាពាហ៍ពិពាហ៍មួយ ហើយអ្នកឧកញ៉ានិងភរិយា បានឡើងបកស្រាយចម្រៀងមួយបទ បន្ទាប់មក អ្នកឧកញ៉ាមានពាក្យជូនពរដ៏កម្រក្នុងជីវិត សម្រាប់ជូនដល់គូស្វាមីភរិយាថ្មី ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ។

ថ្លែងក្នុងពិធីអាពាហ៍ពិពាហ៍របស់កូនកំលោះមានឈ្មោះថា សិទ្ធិគុន វ៉ាន់ដាវីដ (Vandavid Sithikun) និងកូនក្រមុំមានឈ្មោះថា គី ម៉ីលីង (Mei Ling KY) អ្នកឧកញ៉ា លាង ម៉េង បានផ្តល់ពាក្យជូនពរបីយ៉ាងគឺ ទី១ពីមុនយើងជាមនុស្សម្នាក់ តែពេលនេះយើងមានគ្នាពីរនាក់ ដូច្នេះមនុស្សពីរនាក់អាចគិតខុសគ្នាបន្តិច ប៉ុន្តែយើងត្រូវសួរគ្នារហូត មិនអាចគិតតែខ្លួនយើងម្នាក់ដូចមុនទេ ហើយត្រូវគិតថាអ្វីដែលប្រពន្ធយើងចូលចិត្ត អ្វីដែលប្តីយើងចូលចិត្ត ព្យាយាមគិតឱ្យក្បែរគ្នាបំផុត មិនអាចគិតតែពីអ្វីដែលយើងចូលចិត្តនោះទេ។

ចំណុចទី២ អ្នកឧកញ៉ា លើកឡើងថា ពេលដែលយើងរស់នៅជាមួយគ្នាជាប្តីប្រពន្ធ មិនមែនមានន័យថាស្និតគ្នារហូតទេ ក្នុងនោះក៏មានភាពជូរចត់ ផ្អែមល្ហែម ដូច្នេះពេលខ្លះយើងត្រូវតែអត់ធ្មត់ និងត្រូវតស៊ូក្នុងជីវិតរបស់យើងគ្រប់ពេលវេលា។ ចំណែកឯទី៣ ក្នុងនាមជាឪពុកម្តាយ គឺតែងមិនចង់បានអ្វីពីកូនទាំងពីរទេ គ្រាន់ចង់បានឱ្យកូនទាំងពីរ មានសុភមង្គល។ សូម្បីព្រះឥន្ទ ព្រះព្រហ្ម ឬទេវតា ក៏មិនអាចជួយឱ្យកូនៗមានសុភមង្គលដែរ គឺមានតែកូនទាំងពីរជាអ្នកកសាងសុភមង្គលដោយខ្លួនឯង។ ដូច្នេះកូនទាំងពីរត្រូវគិតថា សុភមង្គលទាំងអស់ គឺនៅជិតយើង ទាល់តែយើងបង្កើតវា ទើបអាចឃើញសុភមង្គលកើតឡើងបាន៕
សូមទស្សនាវីដេអូខាងក្រោម៖