នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី១ ខែកក្កដានេះ មានគណបក្សនយោបាយចំនួន៤ បានបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានរៀបចំអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង៧ម៉ឺននាក់ បានជួបជុំនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។

តាមរបាយការណ៍របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ក្រៅពីមានឥស្សរជនកំពូលៗ មន្រ្តីបក្ស និងអ្នកគាំទ្រចូលរួមក្នុងពិធីបើកយុទ្ធនាការហែក្បួននោះ ក៏ឃើញមានវត្តមានអ្នកឧកញ៉ា ឧកញ៉ាធំៗជាច្រើនរូបអញ្ជើញចូលរួមផងដែរ។ ក្នុងនោះសម្រាប់ពិធីបើកយុទ្ធនាការឃោសនារាជធានីភ្នំពេញ ឃើញមានវត្តមានអ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, អ្នកឧកញ៉ា លី ឃុនថៃ, ឧកញ៉ា លី ឆេង, ឧកញ៉ា អូស្មាន ហាស្សាន់ និងអ្នកឧកញ៉ា ឧកញ៉ាជាច្រើនរូបទៀត។

ចំណែកអ្នកឧកញ៉ា ទ្រី ភាព និងភរិយា អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងកូនប្រុស គឺឧកញ៉ា ទ្រី ដាលុច បានចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយឡែកសម្រាប់នៅតាមបណ្តាខេត្តដទៃទៀតក៏មានឃើញវត្តមានអ្នកឧកញ៉ា ឧកញ៉ា អញ្ជើញចូលរួមជាច្រើនកុះករក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។

បើតាមរបាយការណ៍ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ចូលរួមឃោសនាបោះឆ្នោត នៅរាជធានភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ៖
១-ភ្នំពេញ មានចំនួន ជាង ៧ ម៉ឹន ៦ ពាន់នាក់
២-ខេត្តសៀមរាប មានចំនួន ជាង ២ ម៉ឺននាក់
៣-ខេត្តស្វាយរៀង មានចំនួន ១ ម៉ឺន ៥ ពាន់នាក់
៤-ខេត្តកំពង់ឆ្នាំង មានចំនួន ៣ ម៉ឺននាក់
៥-ខេត្តកំពង់ធំ មានចំនួន ជាង ៣ ម៉ឺននាក់
៦-ខេត្តបាត់ដំបង មានចំនួន ជាង ៧ ពាន់នាក់
៧-ខេត្តកំពត មានចំនួន ជាង ១ ម៉ឺន ៥ ពាន់នាក់
៨-ខេត្តកោះកុង មានចំនួនជិត ៤ ពាន់នាក់៕









