ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា អុឹង ប៊ុនហ៊ូវ ជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្ដល់គោរមងារ «អ្នកឧកញ៉ា» ​ជូនឧកញ៉ា អុឹង ប៊ុនហូវ គឺឆ្លើយតបនឹងគុណបំណាច់របស់ លោក​ឧកញ៉ា ដែលជារឿយៗ តែងតែលះបង់​ទាំង​ពេលវេលា និងធនធានថវិកា ជួយក្នុងសកម្មភាព​សប្បុរធម៌​នានាជូនជាតិ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង កាលពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ លោក​ឧកញ៉ា​បាន​បរិច្ចាគ​ថវិកា​ ២០ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន និង​ឧបត្ថម្ភ​ថវិកា​ចំនួន ១០,០០០ ដុល្លារ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសដោយឥតគិតថ្លៃ ​​​ព្រម​ទាំង​ការ​ចូល​រួម​បរិច្ចាគ​ជួយ​​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ទៀត។

ឧកញ៉ា អុឹង ប៊ុនហ៊ូវ ក៏​បាន​ទទួល​គ្រឿងឥស្សរិយយស «ជាតូបការ» ​ពី​ព្រះមហាក្សត្រ​ និង​បំពាក់​ដោយផ្ទាល់​ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែមេសា ឆ្នាំ២០២៣។ លោកឧកញ៉ា ជា​សហស្ថាបនិក​​ក្រុមហ៊ុន អាយអិនជី ហូលឌីង ជាមួយ​អ្នក​ឧកញ៉ា លឹម រស់ និង​ឧកញ៉ា លឹម ប៊ុនសួរ ដែល​បាន​បង្កើត​ឡើង នៅ​ឆ្នាំ២០០៥។ បច្ចុប្បន្ន​ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​មួយ​នេះ កំពុង​​អភិវឌ្ឍ​​គម្រោង​ធំៗ​​លើ​ទីតាំង​៤ ​សំខាន់ៗ​គឺ ភាគ​ខាង​ត្បូង​រាជធានីភ្នំពេញ ភាគ​ខាង​កើត​រាជធានីភ្នំពេញ ខេត្តសៀមរាប ​និង​ខេត្ត​ព្រះសីហនុ៕