លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំ “ទិវាគ្រួសារប្រចាំឆ្នាំ ២០២៣ (2023 CWEA Family Day)” ជាលើកដំបូង នៅ Cambodian Country Club។

គោលបំណងនៃកម្មវិធីដំបូងអស្ចារ្យមួយនេះ គឺធ្វើឡើងដើម្បីបើកឱកាសឱ្យសហគ្រិនស្ត្រី និងក្រុមគ្រួសារមានឱកាសជួបជុំគ្នា និងបង្កើតទំនាក់ទំនងល្អ រវាងសមាជិកាចាស់ និងសមាជិកាថ្មីៗ ជាពិសេសអាចដាក់តាំងបង្ហាញលក់ផលិតផល និងសេវាកម្មរបស់ខ្លួន។

សមាគមសហគ្រិនស្រ្តីកម្ពុជា កំពុងបន្តធ្វើការងារឆ្ពោះទៅមុខ ដើម្បីផ្ដល់ឱកាសដល់ប្រព័ន្ធអេកូឡូស៊ី (ecosystem) របស់សេដ្ឋកិច្ចស្ត្រីជាធុរជន និងធ្វើឱ្យរឹតតែល្អប្រសើរឡើងនូវលទ្ធភាពជោគជ័យរបស់អាជីវកម្មនានាក្នុងសហគមន៍ តាមរយៈការចូលរួម ក៏ដូចជាបង្កើតវេទិកានានា ដើម្បីអភិវឌ្ឍសកម្មភាពក្នុងភាពជាសហគ្រិន។ វត្តមានរបស់ស្រ្តីកម្ពុជាកាន់តែត្រូវបានទទួលស្គាល់ និងមានភាពសកម្មនៅក្នុងសេដ្ឋកិច្ច និងសង្គម ជាពិសេសនៅក្នុងយុគ្គសម័យឌីជីថល។

គួរបញ្ជាក់ថា សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ជាអង្គការសមាជិកមួយ ដែលបានបង្កើតឡើង នៅក្នុងឆ្នាំ២០១១ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ធនាគារពិភពលោក និងសហគ្រិនស្ត្រីកម្ពុជាចំនួន ១៤រូប។ សមាគមសហគ្រិនស្ត្រីកម្ពុជា មានគោលបំណងជួយគាំទ្រឱ្យស្ត្រីមានការរីកចម្រើនផ្នែកធុរកិច្ច តាមរយៈការផ្តល់ឱ្យស្ត្រីនូវវេទិកាធុរកិច្ច និងឱកាសរៀបចំបង្កើតបណ្តាញស្ត្រីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសហគ្រិនភាព សម្រាប់ស្ត្រីក្នុងប្រទេសកម្ពុជាផងដែរ៕