ក្រុមហ៊ុនរបស់លោកស្រីឧកញ៉ាមួយរូប ទទួលបានសិទ្ធិវិនិយោគសាងសង់ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត នៅក្រោមដី ស្ថិតនាសួនច្បារសាធារណៈមួយជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។

នៅក្នុងឱកាសអញ្ជើញក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់គម្រោងក្រោមដីមួយនេះ នាព្រឹកថ្ងៃទី៣ កក្កដានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានស្ថាបនាឡើងដោយក្រុមហ៊ុន អុីឌីស៊ីផូ (ខេមបូឌា) ដែលជាក្រុមហ៊ុនក្នុងស្រុក។
លោកថា គម្រោងនេះក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនដែលមានទាំងចំណតសាធារណៈ ផ្សារទំនើប និងសេវាកម្មផ្សេងៗ ស្ថិតនៅខាងក្រោមដី ដែលជាគម្រោងថ្មីមួយមិនធ្លាប់មានឡើយ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។
សូមបញ្ជាក់ថា គម្រោងសាងសង់ចំណតរថយន្ត និងផ្សារទំនើបនៅខាងក្រោមដីនេះគឺជាការវិនិយោគដោយក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា) របស់លោកស្រី ឧកញ៉ា ចាន់ សុទ្ធា ដែលជាពាណិ្ជកររកស៊ីជោគជ័យក្នុងការអភិវឌ្ឍន៍ផ្សារទំនើបនានា។

លោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា) បានលើកឡើងថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់ ២ជាន់ជាចំណតរថយន្ត ២ជាន់ទៀតជាផ្សារទំនើប លើផ្ទៃដីទំហំ ៣៣,១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន៥១៦គ្រឿង។
លោកស្រីបន្ថែមថា គោលបំណងដែលក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា) បង្កើតឡើងនូវគម្រោងខាងលើនេះ គឺដើម្បីចូលរួមកាត់បន្តយការកកស្ទះចរាចរ និងបង្កើតមុខរបរឱ្យអាជីវករតូចតាច អាចប្រកបមុខរបរលក់ដូរនៅក្នុងអគារក្រោមដីនេះបាន៕

