ក្រោយប្រឡូកអាជីវកម្មជិត២០ឆ្នាំ ឧកញ៉ា ភូ ចាន់ដារិទ្ធ មានពាក្យមួយឃ្លា ចែករំលែកដល់អ្នកជំនាន់ក្រោយ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ភូ ចាន់ដារិទ្ធ អគ្គនាយកក្រុមហ៊ុន PCDR Co., Ltd និង​ជា អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ SR Real Estate ​​បាន​​បង្ហើប​ឱ្យ​ដឹង​ពី​គន្លឹះ​សំខាន់​ខ្លះៗ ក្នុង​ការ​ធ្វើ​អាជីវកម្ម​​ឱ្យ​ទទួល​បាន​ជោគជ័យ។ ​ក្រោយ​ប្រឡូក​ក្នុង​អាជីវកម្ម​ផ្ទាល់​​ខ្លួន​ អស់​រយៈពេល​ជិត ២០​ឆ្នាំ លោក​ឧកញ៉ា សូម​ផ្តាំ​ផ្ញើ​​ថា ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​មាន​ផែនការ​ច្បាស់​លាស់​មួយ មាន​គោលដៅ​មួយ​ពិត​ប្រាកដ ហើយ​រាល់​​ការងារ​អាជីវកម្ម​ទាំង​អស់ ផ្តោត​មុន​គេ ​គឺ «គុណភាព»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ ឧកញ៉ាញូស៍ កាល​ពី​ពេល​ថ្មីៗ​នេះ ឧកញ៉ា ភូ ចាន់ដារិទ្ធ ​​​បាន​ឱ្យ​ដឹង​ថា ការប្រកប​អាជីវកម្ម​របស់​លោក​ ដំបូង​ឡើយគឺ​​ផ្នែក​ខាង​ Credit Operator (ប្រាក់​កម្ចី​ជនបទ)។ បន្ទាប់​មក​នៅ​ឆ្នាំ២០១៦ ​​លោក​ចាប់​ផ្តើម​ធ្វើ​ជា​អ្នក​អភិវឌ្ឍន៍​លំនៅឋាន ដោយ​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ SR Real Estate សង់​ផ្ទះ​ល្វែង​លក់​នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្តាល។ រហូត​ដល់​ឆ្នាំ២០២១ លោក​ឧកញ៉ា ​បាន​បើក​ក្រុមហ៊ុន​មួយ​ទៀត គឺ​ក្រុមហ៊ុន​ PCDR Co., Ltd ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​បរិក្ខា​សុខាភិបាល ​និង​ឱសថ​ធម្មជាតិ ​ហេនខ្យួរ (HENP Cure)។

លោក​ឧកញ៉ា បាន​បន្ត​យ៉ាង​ដូច្នេះ​ថា៖ “ចំពោះ​ការ​ប្រឡូក​ក្នុង​អាជីវកម្ម​ គឺ​ខ្ញុំ​បាន​ប្រឡូក​​អស់​រយៈពេល​ជិត ២០​ឆ្នាំ​មក​ហើយ ​​ហើយ​តែងតែ​បង្កើត​ក្រុមហ៊ុន​ខ្លួន​ឯង​ជានិច្ច តាំង​ពី​ដំបូង​មក ព្រោះ​ខ្ញុំ​ចូលចិត្ត​សហគ្រិនភាព។ អ្វី​ដែល​ជា​បទពិសោធន៍​ គឺ​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ​ យើង​ត្រូវ​មាន​ផែនការ​ច្បាស់លាស់​មួយ ហើយ​គោលដៅ​មួយ​ពិត​ប្រាកដ មិន​អាច​ធ្វើ​លំៗ​តែ​មួយគ្រាៗ​នោះ​ទេ។ រាល់​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ គឺ​តែងតែ​មាន​ផែនការ​មួយ​ច្បាស់លាស់ ហើយ​យើង​ផ្តោត​ ខំ​ប្រឹង តស៊ូ និង​មិន​បោះបង់ ហើយ​រាល់​​ការងារ​អាជីវកម្ម​ទាំង​អស់ ផ្តោត​មុន​គេ ​គឺគុណភាព”។

សូម​ជម្រាប​ជូន​ថា លោកឧកញ៉ា ភូ ចាន់ដារិទ្ធ ជា​ឧកញ៉ា​វ័យ​ក្មេង​មួយ​រូប​ កំពុង​ប្រកប​មុខ​ជំនួញ​លើ​ពហុ​វិស័យ និង​មាន​តួនាទី​​​ជា​ច្រើន​ក្នុង​ការងារ​សង្គម​ផ្សេង​ទៀត​ផង​ដែរដូចជា​ សមាជិក​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា សមាជិក​សមាគម​ឧកញ៉ា​កម្ពុជា។ តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ប្រកប​មុខ​ជំនួញ​ជា​ច្រើន​ឆ្នាំ​ ​​ព្រម​ទាំង​ការ​ចូល​រួម​កិច្ច​ការងារ​ជួយ​សង្គម​​​ជា​ច្រើន​​ផង​នោះ លោក​​ត្រូវ​បាន​ព្រះមហាក្សត្រ​​ចេញ​ព្រះរាជក្រឹត្យ ​​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជា «ឧកញ៉ា» ​​កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ២០២២៕​​