ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន ត្រូវបានសមាជិក សមាជិកានៃសមាគមសណ្ឋាគារកម្ពុជា ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប់ជាប្រធានសមាគមសណ្ឋាគារកម្ពុជាអាណត្តិថ្មីជំនួសលោក ឌិន សុមេធារិទ្ធ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ ក្នុងពិធីបោះឆ្នោតអាណត្តិថ្មីនេះ សម្រាប់សមាជិកគណៈកម្មាធិការនាយកថ្មីរបស់សមាគមសណ្ឋាគារក៏ត្រូវបានផ្លាស់ប្តូរផងដែរ។

ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន បច្ចុប្បន្នជាអ្នកគ្រប់គ្រងក្រុមហ៊ុន សណ្ឋាគារ សាន់ អ៊ែនមូន ជាកូនប្រសារអ្នកឧកញ៉ា ជា រតនា អគ្គនាយកក្រុមហ៊ុន សណ្ឋាគារ សាន់ អ៊ែនមូន គ្រុប និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លោកត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៨ ក្នុងព្រះរាជក្រឹត្យជាមួយភរិយារបស់លោក គឺលោកស្រី ជា ឡាក់គី។
សូមជម្រាបជូនថា សមាគមសណ្ឋាគារកម្ពុជា បច្ចុប្បន្នដឹកនាំដោយលោក ឌិន សុមេធារិទ្ធ និងមានអនុប្រធានចំនួន ៦រូប ហើយសមាគមនេះក៏មានប្រធានសាខានៅបណ្តាលខេត្តមួយចំនួន ដូចជាខេត្តសៀមរាប កែប និងកំពតជាដើម៕

