លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស ស៊ី គ្រុប (HSC Group) និងជាកូនប្រុសទី២ របស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ កាលពីពេលថ្មីៗនេះ បានរៀបចំពិធីពិសាអាហារថ្ងៃត្រង់ ជាមួយអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អាន និងគាំទ្រចំពោះវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចូលរួមអបអរសាទរនូវសមិទ្ធផលដ៏អស្ចារ្យរបស់អត្តពលិកចំនួន ១០១នាក់ទូទាំងប្រទេស ដែលបានឈ្នះមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
ក្នុងឱកាសនោះផងដែរ លោក សុខ ចេន អគ្គនាយករងនៃក្រុមហ៊ុន អេច អេច ស៊ី គ្រុប បានប្រគល់រង្វាន់លើកទឹកចិត្ដជូនដល់អត្ដពលិកទាំងអស់ ដែលរង្វាន់រួមមាន៖ ភេសជ្ជៈចំនួន ១៨៩៨កេស និងថវិកាសរុបជាទឹកប្រាក់ចំនួន ១៣០លានរៀល។ ក្រុមហ៊ុន អេច អេស ស៊ី តែងតែយកចិត្ដទុកដាក់ និងចូលរួមចំណែកក្នុងការលើកស្ទួយ ក៏ដូចជាអភិវឌ្ឍសង្គមជាតិកម្ពុជាតាមរយៈសកម្មភាពសង្គមជាច្រើន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេម លើកទី១២ (ASEAN Para Games 12) ត្រូវបានធ្វើពិធីបិទបញ្ចប់ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីដំណើរការប្រកួតពេញមួយសប្តាហ៍។ ក្នុងសុន្ទរកថាបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានព្យាយាមរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម តាមស្តង់ដារអន្តរជាតិ ហើយសម្តេចសង្ឃឹមថា ប្រជាជនអាស៊ានជាង ៦០០ លាននាក់នឹងចងចាំជារៀងរហូតនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៣នេះ៕