ក្រោយដឹងពីជីវប្រវត្តិលម្អិតអតីតកីឡាករ បឺត សំរេច រួចមក លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន SENG HAN CO.,LTD បានប្រកាសឧបត្ថម្ភដល់អតីតកីឡាកររូបនេះ នូវដីចំនួនមួយឡូតិ៍ ព្រមទាំងផលិតផលព្យាបាលជំងឺមួយចំនួនទៀត។

ប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នេះ ឧកញ៉ា យ៉ន សេងហាន បានលើកឡើងទាំងក្ដុកក្ដួលថា៖ «ខ្ញុំទើបបានស្តាប់ប្រវត្តិលំអិតរបស់អតីតកីឡាករ បឺត សំរេច ដែលជាដំណក់ឈាម អធិរាជសំលេងមាស លោកតាស៊ិន ស៊ីសាម៉ុត កាលពីយប់មិញនេះ គឺពិតជាកំសត់ខ្លាំងណាស់ ហើយទប់ទឹកភ្នែកមិនចង់បានទេ! »។
លោកឧកញ៉ា បានបន្តថា៖ « ក្រៅពីជីវិតជាកូនកំព្រាអត់ខាន់ស្លា គឺគាត់រស់នៅជាមួយម្តាយចិញ្ចឹម(អ៊ុំស្រី) ក្រលំបាក ត្រូវឪពុកចិញ្ចឹមធ្វើបាប ហើយពិសេសម្តាយគាត់មានប្តីថ្មី បានផ្តាំម្តាយចិញ្ចឹមថាមិនឱ្យ បង បឺត សំរេច ទៅជួប ទៅស្គាល់ឡើយ»។
ជាមួយនឹងអារម្មណ៍រំជើបរំជួលនេះ លោកឧកញ៉ា បន្ថែមថា៖ « ដោយខ្ញុំមានការគោរពដឹងគុណចំពោះ លោកតា ស៊ិន ស៊ីសាម៉ុត ដែលបម្រើអារម្មណ៍ខ្ញុំនិងបងប្អូនខ្មែរទូទាំងពិភពលោក រាប់សិបឆ្នាំកន្លងមក និងរួមផ្សំបង បឺត សំរេច ជាដំណក់ឈាមគាត់ ហើយគាត់ជាមនុស្សស្លូតត្រង់ គួរអោយអាណិត គោរពស្រលាញ់ ជាទឹកចិត្តតិចតួច ខ្ញុំជួយឧបត្ថម្ភដីឡូតិ៍ មួយឡូតិ៍ ដល់គាត់តម្លៃខ្ទង់ ៨០០០ដុល្លារ ហើយនិងជូនផលិតសុខភាពព្យាបាលជំងឺដល់ម្តាយចិញ្ជឹមគាត់១ឈុតផងដែរ ព្រោះឥលូវឮថាគាត់កំពុងឈឺនៅពេទ្យ»។

សូមជម្រាបជូនថា ការឧបត្ថម្ភដល់លោក បឺត សំរេច នាពេលនេះ ក្រោយពីរឿងរ៉ាវគ្រួសាររបស់អតីតកីឡាករប្រដាល់រូបនេះ ដែលប្រកាសជាកូនឥតខាន់ស្លារបស់ អធិរាជសម្លេងមាស ស៊ីន ស៊ីសាម៉ុត បានលាតត្រដាងឡើង ពេលលោកឡើងច្រៀងក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖ សុកធា