បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធានក្រុមការងារ បច្ចេកទេសរដ្ឋាភិបាល នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ បច្ចេកទេសផ្នែកឯកជន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំរួមគ្នា ក្នុងកិច្ចប្រជុំពិសេស នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នៅទីស្តីការអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ក្នុងកិច្ចប្រជុំពិសេសនេះផងដែរ មានការចូលរួមពីសហប្រធានក្រុមការងារបច្ចេកទេសតាមវិស័យនីមួយៗ ពីផ្នែកឯកជន និងផ្នែករដ្ឋាភិបាល និងមានវត្តមានមន្ត្រីគយ និងសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជាសំខាន់ៗជាច្រើនរូបផងដែរ។

បណ្ឌិត គុណ ញឹម បានលើកឡើងនូវសមិទ្ធផលការងារ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នាពេលកន្លងមក ជាពិសេសតាមរយៈការរៀបចំកិច្ចប្រជុំយន្តការ និងកិច្ចប្រជុំក្រុមការងារជំនាញជាបន្តបន្ទាប់ ដែលបានដោះស្រាយនូវបញ្ហាជាច្រើន ដោយទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ។

ជាការឆ្លើយតប អ្នកឧកញ៉ាបានថ្លែងថាយន្តការភាពជាដៃគូគយ-ផ្នែកឯកជន គឺជាវេទិកាសន្ទនា ក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយ នូវរាល់បញ្ហានានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក និងគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានដាក់ចេញនូវវិធានជាច្រើន ដើម្បីផ្តល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែម ពីពេលមួយទៅពេលមួយ ជាពិសេសក្នុងកំឡុងពេល នៃការរីករាលដាលនៃជំងឺកូវិដ-១៩។

គោលបំណងនៃកិច្ចប្រជុំពិសេសនេះ គឺដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមទាំងឡាយរបស់វិស័យឯកជនពាក់ព័ន្ធ នឹងប្រតិបត្តិការនាំចេញ-នាំចូល ក្នុងកំឡុងពេលនៃការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩ និងការប្រែប្រួលនៃស្ថានការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរួមគ្នាធ្វើយ៉ាងណាសុំការសម្របសម្រួលពាណិជ្ជកម្ម និង បកស្រាយបំភ្លឺបញ្ជាក់នានា ដែលវិស័យឯកជនកំពុងធ្វើអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ ក្នុងប្រទេសកម្ពុជា ហើយបញ្ហាដែលទទួលបានពីវិស័យឯកជនដាក់ជូន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារួមមានចំនួន ៨ចំណុច ដូចជា៖

១៖ ការពង្រឹងការអនុវត្តកម្រៃសេវាផ្លូវការគយ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
២៖ ការកាត់បន្ថយបន្ទុកនានាបន្ថែមទៀតចំពោះវិនិយោគវិស័យកាត់ដេរ និងវិស័យកសិកម្ម
៣៖ ការពង្រឹងប្រសិទ្ធភាព នៃការបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ
៤៖ ការពង្រីកវិសាលភាពនៃការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival Clearance) និងការកែលម្អរនីតិវិធី e-Payment
៥៖ ការលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តវិធានបញ្ជាក់ជាមុន លើការងារចំណាត់ថ្នាក់ទំនិញ
៦៖ ការជំរុញការអនុវត្តយន្តការលើកទឹកចិត្ត វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs Customs Incentives)
៧៖ ការពង្រីកចំនួនសមាជិកក្រុមធុរជនល្អបំផុត ដើម្បីលើកទឹកចិត្តដល់ធុរជន មានអនុលោមភាពខ្ពស់ (Best Trading Company)
៨៖ ការធ្វើសាមញ្ញកម្ម និងទំនើបកម្មនីតិវិធីគយ។

បន្ទាប់ពីបានធ្វើការពិភាក្សា លើចំណុចសំណូមពរខាងលើ អង្គប្រជុំពិសេសនេះ បានឯកភាពគ្នាឱ្យក្រុមការងារជំនាញនីមួយៗ បន្តបង្កើនការពិភាក្សាដោះស្រាយបញ្ហា ដែលកើតមានឡើងជាយថាហេតុនាពេលខាងមុខ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយក៏បានឯកភាពគ្នាលើការរៀបចំកិច្ចប្រជុំលើកទី៨ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នាពេលវេលាសមស្របខាងមុខ។

អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងអំណរគុណបណ្ឌិត គុណ ញឹម និងថ្លែងអំណរគុណដល់សហប្រធានក្រុមការងារបច្ចេកទេសវិស័យគយ និងមន្ត្រីគយ សមាជិកសមាជិកាសភាពាណិជ្ជកម្ម ដែលមានវត្តមានក្នុងអង្គប្រជុំទាំងមូល ហើយ អ្នកឧកញ៉ា សង្ឃឹមថានឹងមានការជជែកពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត ដើម្បីជួយសម្របសម្រួលពាណិជ្ជកម្ម នៅកម្ពុជា។

ជាការឆ្លើយតបរបស់បណ្ឌិត គុណ ញឹម ក៏បានថ្លែងអំណរគុណ ដល់វិស័យឯកជនដែលតែងតែផ្តល់ ធាតុចូល ក៏ដូចជាការផ្តល់ព័ត៌មាននានា ដែលវិស័យឯកជនកំពុងជួបប្រទះ ប្រឈម និងសំណូមពរនានា ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រងចាំសហការធ្វើការពិភាក្សារកដំណោះស្រាយ ជូនដល់វិស័យឯកជន ដែលនឹងលើកឡើងនៅពេលខាងមុខបន្តបន្ទាប់ទៀត៕