អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមឧកញ៉ាកម្ពុជា ដែលជាអ្នកជំនួញជើងចាស់មួយរូប មានស្រុកកំណើតមកពីខេត្តកោះកុង កំពុងវិនិយោគលើក្រុមហ៊ុនចំនួន ៧ នៅក្នុងដៃ បន្ទាប់ពីរូបលោកចូលប្រឡូកក្នុងវិស័យជំនួញនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩២ មក។
អ្នកឧកញ៉ា បានចាប់ផ្តើមប្រកបមុខជំនួញដំបូង តាំងពីឆ្នាំ១៩៨០ មកម្ល៉េះ អំឡុងពេលដែលលោកនៅប្រទេសអូស្ត្រាលី។ លុះដល់ឆ្នាំ១៩៩២ អ្នកឧកញ៉ា បានធ្វើដំណើរមាតុភូមិនិវត្តមកទឹកដីកម្ពុជាវិញ។ អ្នកឧកញ៉ា ហាន់ ឃាង ជាអ្នកជំនួញ និងវិនិយោគិនដ៏មានបទពិសោធន៍ច្រើនម្នាក់នៅកម្ពុជា ដោយមកទល់បច្ចុប្បន្ន អ្នកឧកញ៉ាបានចូលរួមជាមួយដៃគូរក្នុងស្រុក និងបរទេសក្នុងការបោះទុនលើក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន ម៉ូហ៊ឺបា អេនជីនារីង ខេមបូឌា (Muhibba Engineering Cambodia Co., LTD), ក្រុមហ៊ុន Muhibba Masteron Cambodia J.V. Ltd, ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិភ្នំពេញ SCA, ក្រុមហ៊ុន K,Hann Investment Group Ltd, ក្រុមហ៊ុន Cambodia KD Construction Masterial Industries Co., Ltd, ក្រុមហ៊ុន HKT Special Economic Zone Co., Ltd និងក្រុមហ៊ុនអចលនទ្រព្យ Cam-Jiachuang Co., Ltd។
ក្រៅពីការប្រកបមុខជំនួញ និងការវិនិយោគ អ្នកឧកញ៉ា ហាន់ ឃាង តែងតែបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ចូលរួមយ៉ាងសកម្មជួយកិច្ចការងារសង្គម និងសកម្មភាពមនុស្សធម៌។ លោកត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃដោយរាជរដ្ឋាភិបាល តាមរយៈការផ្តល់គ្រឿងឥស្សរិយយសជាច្រើនជាបន្តបន្ទាប់ រួមទាំងគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ពីព្រះមហាក្សត្រ។ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ហាន់ ឃាង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៕