លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុននំស្រួយ លីលី បានប្រើប្រាស់វត្ថុធាតុដើមជាកសិផលរបស់ខ្មែរគឺ អង្ករផ្ការំដួល ជាអង្ករលំដាប់លេខ១លើពិភពលោក ហើយចង្វាក់ផលិតកម្មបច្ចុប្បន្ននេះ អាចផលិតបានប្រមាណជិត ១០តោនក្នុងមួយថ្ងៃ។
ថ្លែងប្រាប់ ឧកញ៉ា ញូស៍ ក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗកន្លងទៅ លោកជំទាវឧកញ៉ា កែវ មុំ បានឱ្យដឹងថា ផលិតផលនំស្រួយ លីលី គឺបានប្រើប្រាស់នូវវត្ថុធាតុដើម អង្ករផ្ការំដួល ដែលជាអង្ករជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ដូច្នេះធ្វើឱ្យនំដែលផលិតចេញ មានរស់ជាតិឈ្ងុយឆ្ងាញ់ ដែលអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។ លោកជំទាវ បន្តថាជាការពិតណាស់ ផលិតផលចំណីអាហារ គឺផ្តោតសំខាន់លើរស់ជាតិ កាលណារស់ជាតិយើងឆ្ងាញ់ តែងទទួលបានការគាំទ្រ ហើយទើបយើងអាចពង្រីកសក្តានុពលបាន។ ជារៀងរាល់៣ឆ្នាំ ឬ៥ឆ្នាំម្តង ក្រុមហ៊ុនលីលី តែងតែផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗ និងបង្កើននូវផលិតផលថ្មីៗបន្ថែមទៀត ដើម្បីឱ្យអតិថិជនបន្តការគាំទ្រជារៀងរហូត។
លោកជំទាវឧកញ៉ា បានបន្តដូច្នេះថា៖ “ចំពោះចង្វាក់ផលិតកម្ម យើងផលិតបានជិត ១០តោនក្នុងមួយថ្ងៃ។ ចំពោះចក្ខុវិស័យវិញ យើងតែងតែគិតគូរនូវការពង្រីកនូវសក្តានុពល និងចង្វាក់ផលិតកម្ម ផលិតនូវអ្វីៗថ្មីបន្ថែមទៀត ហើយអាចផ្សព្វផ្សាយផលិតខ្មែរ ជាពិសេសយើងផលិត គឺយើងយកកសិផលរបស់ខ្មែរយើង យកមកកែច្នៃ ដែលអាចជួយដល់ដោះស្រាយបញ្ហារបស់កសិករយើង ព្រោះពេលខ្លះកសិករគាត់ប្រមូលផល មិនដឹងថា គួរយកទៅលក់នៅទីណា អត់មានអ្នកទិញ ឬតម្លៃធ្លាក់ចុះ ធ្វើឱ្យពួកគាត់ខាត លះបង់ការដាំដុះ និងត្រូវធ្វើចំណាកស្រុក។ ដូច្នេះក្រុមហ៊ុន លីលី ធ្វើម៉េចជួយដោះស្រាយនូវបញ្ហារបស់កសិករយើងផងដែរ។
ឧកញ៉ា កែវ មុំ បានឱ្យដឹងបន្ថែមទៀតថា វត្ថុធាតុដើមដែលចម្បងគឺ ពោត អង្ករ និងម្សៅដំឡូងមី ដែលជាកសិផលនៅក្នុងប្រទេសខ្មែរយើង ហើយក្រៅពីធ្វើនំ ក្រុមហ៊ុនក៏កំពុងតែគិតគូរពីការកែច្នៃបន្លែ ផ្លែឈើក្រៀមដែរ។ កន្លងមកក្រុមហ៊ុនធ្លាប់បានធ្វើការផលិតម្តងរួចហើយ ប៉ុន្តែដោយសារថ្លៃដើមខ្ពស់ពេក ពិបាកក្នុងការប្រកួតប្រជែង ក៏ផ្អាកមួយរយៈ ទោះយ៉ាងណាក្រុមហ៊ុនរបស់លោកជំទាវ នឹងមិនបោះបង់នោះទេ ហើយនឹងចាប់ផ្តើមរកវិធីផលិតបន្តទៀត។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលមានរោងចក្រ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការ ចាប់ពីខែឧសភា ឆ្នាំ២០១២។ ក្រុមហ៊ុនផលិតនំស្រួយ លីលី មិនត្រឹមជាសហគ្រាសផលិត ដើម្បីផ្គត់ផ្គង់ ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេ ដែលមានសមត្ថភាព លក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផលិត ជាផលិតផលសម្រេចចំណីអាហារ នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីតាលី មីយ៉ាន់ម៉ា វៀតណាម ចិន ម៉ាឡេស៊ីកូរ៉េខាងត្បូង និងប្រទេសផ្សេងៗមួយចំនួនទៀត៕