អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ លើផ្ទៃដីប្រមាណជាង ២ហិកតា។

ពិធីសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ នៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត បានរាយការណ៍ពីការងារកសាង និងអភិវឌ្ឍកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ វិស័យទេសចរណ៍កម្ពុជាបាន រីកលូតលាស់ដោយមានការជំរុញលើកទឹកចិត្តពីរដ្ឋបាលខេត្តព្រះសីហនុ ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត បានទទួលសិទ្ធវិនិយោគលើផ្ទៃដីប្រមាណ ២២,០០០ម៉ែត្រការ៉េ ដែលមានកំពង់ផែចេញ-ចូលអូបរទេសចរណ៍តូច ធំ ២០គ្រឿងក្នុងពេលតែមួយ វាក៏ជាចំណតសុវត្ថិភាពមួយមានលក្ខណៈសម្បត្តិពេញលេញ សាកសម្យជាកំពង់ផែមានសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍មកពីគ្រប់ជាតិសាសន៍ កម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ មានបុគ្គលិកបំរើការងារចំនួន ២២៥នាក់ បំរើសេវាកម្មទេសចរណ៍ ស៊ីវិល័យ ទំនើបនាពេលបច្ចុប្បន្ន។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណអ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផត អ៊ិចផត តែងតែសហការយ៉ាងជិតសិ្នតជាមួយរដ្ឋបាលខេត្ត ក្នុងការងារសង្គម និងសប្បុរសធម៌ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះអាយុជីវិតជនរងគ្រោះផ្សេងៗនៅលើផ្ទៃសមុទ្រ និងតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ ប្រកបដោយទំនួលខុសត្រូវបង្ហាញឱ្យឃើញនូវវប្បធម៌ចែករំលែកទឹកចិត្តសប្បុរសធម៌ ស្មារតីសាមគ្គីភាព និងភាតរភាពក្នុងភាពជាខ្មែរដូចគ្នា ការបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត បានបន្តថា កំពង់ផែទេសចរណ៍នេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ ផ្លែផ្កា នៃសន្តិភាពក៏បានជំរុញ ឱ្យវិស័យទេសចរណ៍កម្ពុជា ជាទេសចណ៍វប្បធម៌ និងធម្មជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា “មាសបៃតង” សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ ផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងប្រយោជន៍ដល់ប្រជាជនកម្ពុជា។ វិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋាវរចនាសម្ព័ន្ធពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសម្បតិ្តវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក៏បានថ្លែងថា កំពង់ផែទេសចរណ៍នេះ គឺជាសម្បទាទេសចរណ៍ដ៏មានសារៈសំខាន់ បានផ្តល់នូវភាពងាយស្រួលសន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទីបង្កើតឱកាសការងារ លើកស្ទួយវិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។ វិស័យទេសចរណ៍ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យមានការប្រែប្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ពិសេសជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ វិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់គួរជាទីមោទនៈ ដោយចាត់ទុកថាជា “មាសបៃតង” វាដើរតួនាទីជាចន្ទល់គន្លឹះមួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជាតិ ព្រមទាំងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕

