កញ្ញា អ៊ឹង ឈីវលី ហៅថា «លីលី» អគ្គនាយិកា (CEO) របស់ក្រុមហ៊ុនផលិតនំស្រួយ លីលី និងគូអនាគតរបស់ខ្លួន លោក សុខ សង្វារ កូនប្រុសពៅរបស់សម្ដេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានបង្ហាញពីទំនាក់ទំនងស្នេហាបើកចំហរជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

លោក សុខ សង្វារ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយកញ្ញា លីលី ក្នុងឱកាសខួបកំណើតរបស់លោក កាលពីព្រលប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖ “ឆ្លៀតពេលបន្តិចពីយុទ្ធនាការសម្រាប់ លីលី គូអនាគតរបស់ខ្ញុំ។ អរគុណអូន សម្រាប់អាហារពេលល្ងាចដ៏មិនអាចភ្លេចបាន និងនំខេកដ៏ពិសេស”។

កញ្ញា លីលី កូនស្រីរបស់លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងលោក សុខ សង្វារ គឺជាបញ្ញវន្តខ្មែរ ដែលបានបញ្ចប់ការសិក្សាកម្រិតជាន់ខ្ពស់ មកពីក្រៅប្រទេសដូចគ្នា។ កញ្ញា លីលី បានបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅប្រទេសអូស្ត្រាលី ហើយកញ្ញាបានបន្តសិក្សាចប់បរិញ្ញាបត្រ លើជំនាញអាជីវកម្ម ពីសហរដ្ឋអាមេរិក និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញគ្រប់គ្រងអាជីវកម្ម ពីប្រទេសអង់គ្លេស។ កញ្ញា លីលី បានឡើងកាន់តំណែងជាអគ្គនាយិកាក្រុមហ៊ុន ផលិតនំស្រួយ លីលី ចាប់តាំងពីខែឧសភា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។

ចំណែកឯលោក សុខ សង្វារ កើតឆ្នាំ១៩៨៧ ត្រូវបានក្រុមគ្រួសារជញ្ជូនទៅរៀននៅប្រទេសបារាំង នៅឆ្នាំ១៩៩៨ កាលវ័យត្រឹម ១១ឆ្នាំ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅប្រទេសបារាំង នៅឆ្នាំ២០០៥។ បន្ទាប់មក លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកបដិសណ្ឋារកិច្ច និងគ្រប់គ្រងទេសចរណ៍ នៅវិទ្យាស្ថានឧត្តមសិក្សា គ្លីយុង (GLION) ទីក្រុងប៊ូឡល ប្រទេសស្វីស នៅឆ្នាំ២០០៨។ នៅឆ្នាំ២០១២-២០១៣ លោក ក៏សម្រេចឆ្លៀតពេលបន្តសិក្សាយកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសិល្បៈសេរីនៃបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន នៅសាកលវិទ្យាល័យជាតិ ប្រទេសអូស្ត្រាលី។

សូមជម្រាបថា លោក សុខ សង្វារ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ២០០៨ និងត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតែងមុខតំណែងជាបន្តបន្ទាប់ ដូចជា ឆ្នាំ២០០៩-២០១៣ ជាអនុប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍, ឆ្នាំ២០១៣-២០២០ ជាប្រធានក្រុមការងារអនុវត្តន៍ផែនការគ្រប់គ្រងទេសចរណ៍អង្គរ, ឆ្នាំ២០១៥-២០២០ ជាអគ្គនាយករង អាជ្ញាធរជាតិអប្សរា និងនៅឆ្នាំ២០២០ ដល់បច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ ទទួលបន្ទុកការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេចរណ៍ក្រៅប្រទេស៕