លោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកវិទ្យុ-ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស រួមជាមួយលោក Salib នាយកប្រតិបត្តិទូរទស្សន៍ DTV ប្រទេសថៃ កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា អ៊ឹង ឆៃងួន បានជម្រាបជូនពីដំណើរការវិវឌ្ឍន៍ថ្មីៗរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស ដែលសម្រេចបានក្នុងរយៈពេលកន្លងមក និងបានដាក់ចេញផែនការ ដើម្បីធ្វើការផលិតកម្មវិធីថ្មីៗជាច្រើនទៀត សម្រាប់ផ្សាយនៅទូរទស្សន៍ហង្សមាស នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ បន្ថែមពីនេះ លោកឧកញ៉ាអគ្គនាយកក្រុមហ៊ុន ហង្សមាស និងរស្មីហង្សមាស ក៏បានគោរពស្នើសុំការគាំទ្របន្តទៀតពី លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលកន្លងមកតែងតែគាំទ្រ និងសហការដ៏ល្អដល់ទូរទស្សន៍ហង្សមាស។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសម្តែងនូវក្តីរីករាយ និងកោតសរសើរចំពោះភាពរីកចម្រើន យ៉ាងខ្លាំងរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ហើយជាមួយនេះដែរ លោក បានជូនពរចំពោះការបែកចែកថ្នាក់ដឹកនាំទូរទស្សន៍ហង្សមាស សម្រាប់ការគ្រប់គ្រងការផ្សាយផ្ទាល់ និងផ្សាយតាមប្រពន្ធ័ផ្សាយរណប ដែលធ្វើឱ្យគម្រោងការផ្សាយកម្មវិធីនានារបស់ទូរទស្សន៍ហង្សមាស កាន់តែស៊ីជម្រៅដល់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន។
ទទឹមនឹងនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មានបានត្រៀមខ្លួនរួចរាល់ សម្រាប់ផ្តល់កិច្ចសហការជាមួយទូរទស្សន៍ហង្សមាស និងទូរទស្សន៍ DTV ឱ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត៕

